ដំណឹងល្អ! ភ្នំពេញ ជាប់ក្នុងតារាងទីក្រុងល្អដាច់គេទាំង១០នៅតំបន់អាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២២

0

សុខុម

បាងកក: វាជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដែលរាជធានីភ្នំពេញ បានជាប់ក្នុងតារាងទីក្រុងល្អដាច់គេទាំង១០នៅតំបន់អាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២២ តាមរយៈការស្ទង់មតិដោយគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Travel + Leisure។

យោងតាមលទ្ធផលនៃការស្ទង់មតិចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី៤ ខែកក្កដា បង្ហាញថា ក្រុងបាងកក នៃប្រទេសថៃ បានជាប់នៅកំពូលតារាង ពោលគឺចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកំពូលទីក្រុងទាំង១០។

ទន្ទឹនេះ គេហទំព័រនេះក៏ដាក់ចំណាត់ថ្នាក់កោះចំនួន២របស់ប្រទេសថៃ គឺកោះភូកេត (Phuket) លេខ១ និងកោះសាមួយ (Samui) ចំណាត់ថ្នាក់លេខ២ នៅក្នុងតារាងឈ្មោះ “កោះល្អដាច់គេទាំង១០ប្រចាំអាស៊ីអាគ្នេយ៍” ផងដែរ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា សប្បាយចិត្តយ៉ាងខ្លាំងដែលទទួលដំណឹងថា កន្លែងជាច្រើនក្នុងប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងការដាក់ចំណាត់ថ្នាក់ដោយគេហទំព័រ Travel + Leisure។ នេះបើយោងតាមលោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី៤ ខែកក្កដា។

នៅក្នុងផ្នែកទីក្រុងល្អដាច់គេទាំង១០ ទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់លេខ១ សិង្ហបុរី ជាប់លេខ២ ដាណាង (វៀតណាម) ជាប់លេខ៣ គូឡាឡាំពួ (ម៉ាឡេស៊ី) ជាប់លេខ៤ ហាណូយ (វៀតណាម) ជាប់លេខ៥ ឈាងម៉ៃ (ថៃ) ជាប់លេខ៦ ហុងកុង ជាប់លេខ៧ ហូជីមិញ (វៀតណាម) ជាប់លេខ៨ ភ្នំពេញ ជាប់លេខ៩ និងហ្សាការតា (ឥណ្ឌូនេស៊ី) ជាប់លេខ១០។

នៅក្នុងផ្នែកកោះល្អដាច់គេទាំង១០ កោះភូកេត (ថៃ) ជាប់លេខ១ កោះសាមួយ ជាប់លេខ២ កោះបាលី (ឥណ្ឌូនេស៊ី) ជាប់លេខ៣ កោះត្រល់ (វៀតណាម) ជាប់លេខ៤ កោះឡាងហ្គាវី (ម៉ាឡេស៊ី) ជាប់លេខ៥ កោះ Lombok (ឥណ្ឌូនេស៊ី) ជាប់លេខ៦ កោះ Palawan (ហ្វីលីពីន) ជាប់លេខ៧ កោះ Penang (ម៉ាឡេស៊ី) ជាប់លេខ៨ កោះ Phi Phi (ថៃ) ជាប់លេខ៩ កោះ Con Dao (វៀតណាម) ជាប់លេខ១០៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here