ដោយដែន ៖ ចែងចាំង
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបានទទួលសំណួរចំនួន 184 ពីប្រទេសចំនួន 14 ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាអ្វីដែលក្រសួងនេះ ត្រូវឆ្លើយនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នូវគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី2 នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី 21 និងទី 23 ខែវិច្ឆិកា ឆ្នាំ 2017 ខាងមុខ។
កិច្ចប្រជុំនាពេលខាងមុខនេះ នឹងផ្តោតសំខាន់ និងពិភាក្សាសំណួរ-ចម្លើយលើរបាយការណ៍របស់លេខាធិការដ្ឋានអង្គការ WTO របាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រៀមឯកសារពាក់ព័ន្ធនានា សម្រាប់ចូលរួមកិច្ចប្រជុំនៅថ្ងៃទី21 និងទី23 ខែវិច្ឆិកា ឆ្នាំ2017 ។ គិតត្រឹមថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2017 លេខាធិការដ្ឋានបានទទួលសំណួរចំនួនជាង 185 សំណួរមកពីសមាជិកចំនួន 14 រួមមាន៖ ប្រទេសសឹង្ហបុរី កាណាដា អាហ្សង់ទីន ចិន អាមេរិក ចិនតៃប៉ិ ប្រេស៊ីល ឥណ្ឌូនេស៊ី សហភាពអឺរ៉ុប ជប៉ុន ម៉ាទ្បេស៊ី ថៃ អូស្រ្តាលី និង សាធារណរដ្ឋកូរ៉េ ហើយប្រទេសជាសមាជិកអង្គការ WTO ផ្សេងទៀតនឹងបន្តផ្ញើសំណួរមកកម្ពុជារហូតដល់ថ្ងៃប្រជុំ។ ជាលទ្ធផលសំណួរជាង 80 ភាគរយ ត្រូវបានឆ្លើយរួចរាល់។