ខេត្តកណ្ដាលកំពុងក្លាយជាតំបន់ទទួលចំហាយការអភិវឌ្ឍលំនៅដ្ឋានច្រើនពីរាជធានីភ្នំពេញ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ភ្នំពេញជាតំបន់ដែលមានការអភិវឌ្ឍខ្លាំងជាងគេ ក្នុងចំណោមតំបន់នានាទូទាំងប្រទេសកម្ពុជា ក្នុងនោះលំនៅឋានក្នុងរាជធានីភ្នំពេញ និងអំណាចទិញលំនៅឋាន ក៏មានឥទ្ធិពលនិងសកម្មភាពខ្លាំងជាងគេផងដែរ។

បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្ដាលក៏ជាតំបន់មួយ ដែលមានអំ​ណា​​ចទិញ និងការអភិវឌ្ឍខ្លាំងមួយផងដែរ ក្នុងចំណោមតំបន់ជាច្រើនទៀត។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី៥ កក្កដាថា ភ្នំពេញគឺជាតំបន់ ដែលមានការអភិវឌ្ឍខ្លាំងជាងគេ ក្នុងចំណោមបណ្ដាខេត្តរាជធានីទាំងអស់ ក្នុងប្រទេសកម្ពុជាហើយតម្រូវការលំនៅឋាននៅភ្នំពេញ ក៏ឃើញថាមានកំណើនឡើង ជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្តថា “នៅពេលទីក្រុងភ្នំពេញកាន់តែមានការអភិវឌ្ឍន៍ តម្លៃដីធ្លី និងតម្លៃផ្ទះនៅភ្នំពេញ ក៏នឹងកើនឡើងថ្លៃជារៀងរាល់ឆ្នាំដែរ។ ដូច្នេះអ្នកអភិវឌ្ឍន៍នឹងទៅរកតំបន់ណាដែលជាយៗក្រុង ក្នុងនោះដែរមានតែខេត្តកណ្ដាលទេ ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងភ្នំពេញ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ខេត្តកណ្ដាលក៏មានអំណាចទិញលំនៅឋានខ្ពស់ដែរបន្ទាប់ពីភ្នំពេញ ដែលធ្វើឱ្យពលរដ្ឋធ្វើការនៅភ្នំពេញ ទិញផ្ទះស្នាក់នៅតំបន់នៃខេត្តកណ្ដាល ហើយត្រលប់មកធ្វើការនៅភ្នំពេញនៅពេលថ្ងៃ ដូច្នេះហើយតំបន់នៅខេត្តកណ្ដាលជាពិសេសតំបន់ ដែលជាប់ព្រំប្រទល់នឹងភ្នំពេញ ឬជិតភ្នំពេញ នឹងមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានសម្រាប់អ្នកធ្វើការនៅក្នុងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងកន្លងមកថា អ្នកអភិវឌ្ឍន៍លំនៅឋានជាប្រភេទផ្ទះជាប់ដី នឹងកាន់តែងាកទៅតំបន់ជាយក្រុង ស្របពេលតម្លៃដីធ្លីនៅកណ្ដាល ឬនៅជិតរាជធានីភ្នំពេញ កាន់តែមានការកើនឡើងខ្ពស់ និងមិនអាចឱ្យអ្នកអភិវឌ្ឍន៍ រកប្រាក់ចំណេញបានច្រើននោះទេ។

លោកបន្តថា “ដើម្បីរកប្រាក់ចំណេញបានច្រើននោះ ជំរើសតែមួយគឺទៅរកដីដែលមានតម្លៃសមរម្យធូរថ្លៃ ដើម្បីអភិវឌ្ឍន៍លំនៅឋានសម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើការនៅភ្នំពេញ និងត្រលប់ទៅសម្រាកនៅផ្ទះនៅពេលយប់”។

លោកច្រឹក សុខនីមបានបន្តថា បច្ចុប្បន្ននេះ ការអភិវឌ្ឍនៅជាក្រុងក៏ឃើញថាមានសន្ទុះកើនឡើងលឿនផងដែរ ដោយមានសំណង់សំបុរី លំនៅឋានឯកជនជាច្រើនរីកដុះដាល ទន្ទឹងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ផងដែរនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here