ក្រុមហ៊ុនអចលនទ្រព្យ Powerlong របស់ចិនស្នើរពន្យាពេលក្នុងការទូទាត់សងមូលបត្របំណុល

ចែករំលែក

ដោយ៖ លាងហួរ

ចិន៖ ក្រុមហ៊ុនអចលនទ្រព្យ Powerlong របស់ចិនសុំពន្យារពេលទូទាត់សងមូលបត្របំណុល ក្នុងទឹកប្រាក់៨៩លានដុល្លារអាមេរិក ដល់ថ្ងៃទី១៥ខែកក្កដា និងពន្យារសងប្រាក់ដើមក្នុងរយៈពេលមួយឆ្នាំ។

យោងតាមសារពត៌មាន Reuters បានឱ្យដឹងថា នៅក្នុងសំណើទៅកាន់ម្ចាស់មូលបត្ររបស់ខ្លួន ក្រុមហ៊ុន Powerlong ចុះបញ្ជីនៅហុងកុង មានបំណងបង់៥ភាគរយ នៃប្រាក់ដើម នៅថ្ងៃផុតកំណត់នៃសញ្ញាប័ណ្ណ និងបង់១៥ភាគរយនៃប្រាក់ដើម បន្ទាប់ពីប្រាំមួយខែ និងបង់៨០ភាគរយ ដែលនៅសល់បន្ទាប់ពី១២ខែ។

យោងតាមប្រភពមួយ ដែលបានរាយការណ៍តែសុំមិនបង្ហាញអត្តសញ្ញាណ បានឱ្យដឹងថា ក្រុមហ៊ុន Powerlong ក៏គ្រោងនឹងបន្តការទូទាត់សងមូលបត្របំណុលចំនួនពីរដែលមានតម្លៃ១ពាន់លានយ័ន ដែលនឹងដល់កំណត់ក្នុងខែសីហា។

ក្រុមហ៊ុន Powerlong មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់សារពត៌មាន Reuters ទេ។

ចំណែកលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនអចលនទ្រព្យចិន​ ដែលជំពាក់បំណុល មានការគាំងស្ទះ ដោយសារ ការទប់ស្កាត់បទប្បញ្ញត្តិលើការខ្ចីប្រាក់ថ្មី និងការលក់អចលនវត្ថុរបស់ខ្លួនមិនដាច់។

ការខកខានទូទាត់សងមូលបត្របំណុលនៅក្រៅប្រទេស ដោយក្រុមហ៊ុន China Evergrande Group និងក្រុមហ៊ុនផ្សេងទៀតនៅឆ្នាំ២០២២នេះ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិស័យអចលនទ្រព្យ ដែលជាប់គាំង៕


ចែករំលែក