ដោយសុខុម
បាងកក: រដ្ឋាភិបាលថៃ និយាយថា ខ្លួននឹងបញ្ចប់ការស្ថាបនាប្រព័ន្ធរថភ្លើងល្បឿនលឿនដែលតភ្ជាប់ប្រទេសថៃ ទៅកាន់ប្រទេសចិន កាត់តាមប្រទេសឡាវ នៅត្រឹមឆ្នាំ២០២៨ ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ពាណិជ្ជកម្មទ្វេភាគី និងការអភិវឌ្ឍសេដ្ឋកិច្ច។
ក្រុមមន្ត្រីថៃ បានសន្យាថាបញ្ចប់ការស្ថាបនាដំណាក់កាលដំបូងនៃគម្រោងផ្លូវដែកខ្នាតយក្សក្រោមទុនវិនិយោគរហូតដល់ទៅ១២ពាន់លានដុល្លារអាមេរិក ដែលមាន២ដំណាក់កាលនេះនៅត្រឹមឆ្នាំ២០២៦។
ក្រុមមន្ត្រីបានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ទី៦ ខែកក្កដា ថា ផ្លូវដែកល្បឿនលឿនរបស់ប្រទេសថៃ នេះនឹងមានប្រវែង៦០៩គីឡូម៉ែត្រចេញពីក្រុងបាងកក ទៅកាន់ខេត្តព្រំដែនភាគឦសានក្នុងខេត្តណង ខៃ (Nong Khai) ជាចំណុចដែលស្ពានមួយនឹងត្រូវសាងសង់កាត់ទន្លេមេគង្គ ដើម្បីតភ្ជាប់ជាមួយផ្លូវដែកចិន-ឡាវ។
ការប្តេជ្ញាចិត្តជាថ្មីរបស់រដ្ឋាភិបាលថៃ ចំពោះគម្រោងនេះដែលបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដ៏មានមហិច្ឆតារបស់ប្រទេសចិន ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា។
ប្រទេសឡាវ បានសម្ពោធដាក់ឱ្យដំណើរការផ្លូវដែកមួយខ្សែតម្លៃរហូតដល់ទៅជិត៦ពាន់លានដុល្លារអាមេរិក តភ្ជាប់ប្រទេសចិន កាលពីខែធ្នូ ចុងឆ្នាំ២០២១៕ Bangkok Post៕