អឺរ៉ុបចង់ឈប់ប្រើយន្តហោះ ហើយងាកមកប្រើបណ្ដាញផ្លូវដែកល្បឿនលឿនជំនួសវិញ

0

ដោយសុខុម

អន្តរជាតិ: ញ៉ាំអាហារពេលព្រឹកនៅទីក្រុងប៉ារីស ប្រទេសបារាំង រួចទៅញ៉ាំអាហារថ្ងៃត្រង់នៅទីក្រុងហ្វ្រែងហ្វឺត (Frankfurt) ប្រទេសអាល្លឺម៉ង់ ហើយបន្តដំណើរទៅញ៉ាំអាហារពេលល្ងាចនៅទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស លែងជាបញ្ហាទៀតហើយ និងដោយមិនចាំបាច់ជិះយន្តហោះគួរឱ្យធុញទ្រាន់។

សាកស្រមៃទៅមើលថា តើវាអស្ចារ្យខ្លាំងប៉ុនណា ប្រសិនបើមានបណ្តាញរថភ្លើងទំនើប ល្បឿនលឿន និងប្រកបដោយផាសុកភាព ដែលអ្នកអាចធ្វើដំណើរទៅមករវាងទីក្រុងធំៗទាំងអស់ក្នុងសហភាពអឺរ៉ុប យ៉ាងឆាប់រហ័ស ប្រកបដោយទំនុកចិត្ត ផាសុកភាព និងប្រកបដោយនិរន្តរភាព ជំនួសឱ្យការធ្វើដំណើរការផ្លូវអាកាស។

នោះគឺជាចក្ខុវិស័យដែលអ្នកឈានមុខគេក្នុងឧស្សាហកម្មផ្លូវដែកនៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង បានគូសបញ្ជាក់កាលពីថ្ងៃទី២៩ ខែមិថុនា ស្របពេលអឺរ៉ុប មានផែនការបង្កើនការប្រើប្រាស់ផ្លូវដែកល្បឿនលឿនទ្វេដងនៅត្រឹមឆ្នាំ២០៣០ ដោយកើនឡើងពីកម្រិតបច្ចុប្បន្នគុណនឹង៣ដងនៅត្រឹមឆ្នាំ២០៥០។

មានតែការពង្រីកបណ្តាញល្បឿនលឿនប៉ុណ្ណោះ ដែលអាចសម្រេចបាននូវគោលដៅមហិច្ឆតាដ៏ធំធេងទាំងនេះ ប៉ុន្តែតើគំនិតនេះវាជាក់ស្តែងទេ និងមានលទ្ធភាពអាចទៅរួចដែរឬទេ?

ចម្លើយគឺពិតជាអាចទៅរួច ព្រោះអឺរ៉ុប ខុសពីផ្នែកជាច្រើនផ្សេងទៀតនៃពិភពលោក ដោយមានផ្លូវរថភ្លើងល្បឿនលឿនប្រវែងរាប់ម៉ឺនគីឡូម៉ែត្ររួចទៅហើយ។

ក្រុមហ៊ុនផ្លូវដែក TGVs ដ៏ល្បីល្បាញលើពិភពលោករបស់ប្រទេសបារាំង ក្រុមហ៊ុនផ្លូវដែក ICE របស់អាល្លឺម៉ង់ និងក្រុមហ៊ុនផ្លូវដែក AVE របស់អេស្ប៉ាញ បាននាំមកនូវការផ្លាស់ប្តូរសម្រាប់ការធ្វើដំណើរតាមផ្លូវដែកក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ប៉ុន្តែភាគច្រើនក្រុមហ៊ុនទាំងនោះនៅតែផ្តោតលើទីផ្សារក្នុងស្រុក។

វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ នៅពេលប្រទេសនានាកំពុងវិនិយោគរាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធថ្មី សម្ពាធនយោបាយដើម្បីទាញយកអត្ថប្រយោជន៍អតិបរមាសម្រាប់អ្នកបង់ពន្ធជារឿងជៀសមិនផុត។

ការកសាងផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនអន្តរជាតិ សូម្បីតែនៅក្នុងសហភាពអឺរ៉ុប នឹងនាំឱ្យមានភាពតានតឹង និងការសួរដេញដោលគ្នាថា តើនរណាជាអ្នករ៉ាប់រងចេញថ្លៃចំណាយ តើបែងចែកកិច្ចសន្យាតាមវិធីណា ការប្រឆាំងស្តង់ដារ និងបទប្បញ្ញត្តិជាតិ និងឧបសគ្គជាច្រើនផ្សេងទៀត។

អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយដែលអឺរ៉ុប ខ្ជិលចាប់ផ្ដើមគម្រោងដែលពិបាកៗ លុះត្រាតែមានបញ្ហាទើបខំប្រឹងស្ទុះស្ទា៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here