ដោយៈ ជេស៊ីកា
ភ្នំពេញៈ ផ្សារលក់រាយនៃក្រុមហ៊ុនMAKRO Cambodia Co, Ltdបាននិងកំពុងត្រៀមបង្ហាញខ្លូន និងបោះទុនវិនិយោគនៅតំបន់ជ្រោយចង្វារ ខណៈក្រុមហ៊ុន ផ្សារទំនើបលំដាប់យក្សមួយទៀតរបស់ថៃ គ្រោងបង្ហាញវត្តមាននៅតំបន់នេះផងដែរ។
ការពង្រីកសាខានេះ ក្រុមហ៊ុនMAKRO ដែលមានមហាសេដ្ឋីថៃ និងមហាសេដ្ឋីលី យ៉ុងផាត់នៅពីក្រោយ សម្រេចបញ្ចេញទុនជាង១២លានដុល្លារ ដើម្បីវិនិយោគលើមជ្ឈមណ្ឌលពាណិជ្ជកម្មទី៣ របស់ខ្លួននៅតំបន់ជ្រោយចង្វារ ដែលបច្ចុប្បន្នជាទីប្រជុំ ដោយគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណីតៗជាច្រើន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្តាហ៍មុនបានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន CDCបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន Makro (Cambodia) Company Limited លើគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគ១២,៧ លានដុល្លារ និងអាចបង្កើតការងារបាន១៦១កន្លែង។
ផ្សារទំនើប Makro បានឈានជើងចូលទីផ្សារប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៧ ដោយបច្ចុប្បន្នផ្សារទំនើប Makro មានវត្តមាននៅ២ ទីតាំង គឺក្នុងរាជធានីភ្នំពេញ (ខណ្ឌសែនសុខ) និងក្រុងសៀមរាប។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia បង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ អត្រាប្រើប្រាស់កន្លែងលក់រាយ ក្នុងរាជធានីភ្នំពេញបានធ្លាក់មកនៅត្រឹម៦៦,៦ភាគរយ បើធៀបនឹងត្រីមាសទី៤ឆ្នាំ២០២១ ដែលមាន៦៧ភាគរយ។ អត្រាប្រើប្រាស់នេះ មានចំនួន៧៤,៩ ភាគរយកាលពីអំឡុងត្រីមាសទី១ ឆ្នាំ២០២១ និង៨៩,៩ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ ២០២០៕