ដោយ៖ សុផារី
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ”។
នេះបើយោងតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។
លោកបានសរសេរលើបណ្តាញសង្គមលោកថា “កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ””។
លោកបានសរសេរបន្តថា “ខ្លឹមសារលម្អិតទាំងឡាយ ដែលពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីរក្សាប្រក្រតីភាពនៃការងាររដ្ឋបាល ក៏ដូចជាផលប្រយោជន៍ជាចាំបាច់ របស់ប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ត្រូវបានចាត់តាំង ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ឱ្យរៀបចំសន្និសីទសារព័ត៌មាន”៕