គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់លុបបំបាត់ការយកពន្ធត្រួតគ្នាជាមួយតួកគី និងម៉ាកាវ

0

ដោយ៖ សុផារី

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តលើសេចក្ដីព្រាងច្បាប់អនុម័តយល់ព្រមលើការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងបង្ការគេចវេះពន្ធ និងចៀសវាងពន្ធជាមួយប្រទេសតួកគី និងតំបន់រដ្ឋបាលពិសេសម៉ាកាវនៃប្រទេសចិន។

កិច្ចព្រមព្រៀងទាំងពីរនោះ រួមមាន កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការលុបបំបាតការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្ដីពីការចៀងវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធលើប្រាក់ចំណូល។

នេះបើយោងតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។

លោកបានសរសេរលើបណ្តាញសង្គមថា “កិច្ចព្រមព្រៀងខាងលើ ជាមួយកម្ពុជារបស់តំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន និង សាធារណរដ្ឋតួកគីនិងអត្ថប្រយោជន៍ជាច្រើន ដែលអាចទទួលបានពីកិច្ចព្រមព្រៀងនេះដូចជាការទាក់ទាញនិងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្រ្កាបការគេចវេះពន្ធទាំងក្នុង ក្របខណ្ឌជាតិ និងអន្តរជាតិ”។

លោកបានបន្តថា កិច្ចព្រមព្រៀងស្ដីការចៀសវាងការយកពន្ធត្រួតគ្នានេះ គឺជាការបែងចែកសិទ្ធិ ក្នុងការយកពន្ធរវាងគូភាគីនៃយុត្តាធិការជាហត្ថលេខី ដែលម្ខាងអាចកម្រិតផ្នែកខ្លះនៃការអនុវត្ដច្បាប់ និងបទប្បញ្ញតិ្តក្នុងស្រុកស្ដីពីពន្ធដារ ហើយនៅក្នុងដំណាក់កាលនៃការអនុវត្ដដំបូង អាចមានផលប៉ះពាល់ផ្ទាល់ដល់ចំណូលពន្ធរបស់ប្រទេសប្រភព ដោយសារការកាត់បន្ថយអត្រាពន្ធកាត់ទុក ដែលត្រូវអនុវត្ដចំពោះអ្នកជាប់ពន្ធអនិវាសនជន និងការបែងចែកសិទ្ធិយកពន្ធ លើប្រភេទប្រាក់ចំណូលមួយចំនួន ឱ្យទៅប្រទេសនិវាសនដ្ឋានតែម្ខាងទៀត ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដែលជាការប៉ះប៉ូវវិញដល់យុត្តាធិការជាហត្ថលេខី ដូចជា៖

– ការទាក់ទាញនិងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ដោយសារការផ្តល់នូវភាពច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ

– កំណើនមូលដ្ឋានពន្ធ

– រំហូរមូលធន ដោយសារទាក់ទាញ នៃអត្រាពន្ធកាត់ទុកលើការប្រាក់ និងភាគលាភ

– ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស និង

– ការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យពន្ធដារ ជាពិសេស ការទប់ស្កាត់និងការបង្រ្កាបការគេចវេះពន្ធតាមរយៈការផ្លាស់ប្ដូរព័ត៌មានរបស់អ្នកជាប់ពន្ធ។

 

ក្នុងគោលបំណងកាត់បន្ថយនូវផលប៉ះពាល់ខ្លះៗក្នុងការចរចា កម្ពុជាប្រកាន់ខ្ជាប់នូវ ជំហររបស់ខ្លួន ស្របតាមក្របខ័ណ្ឌគោលនយោបាយ ដែលបានដាក់ចេញ ដើម្បីការពារឱ្យបានជាអតិបរមានូវសិទ្ធិយកពន្ធរបស់ខ្លួន ដែលក្នុងនោះកម្ពុជាសម្រេចបាននូវ៖

– លក្ខខណ្ឌដែលផ្តល់ប្រយោជន៍ដល់កម្ពុជាក្នុងការកំណត់ពន្ធតាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍

– ការយកពន្ធលើបុព្វលាភធានារ៉ាប់រងដែលលក់ដោយសហគ្រាសអនិវាសនជន

– ការយកពន្ធលើការដឹកជញ្ជូនអន្តរជាតិតាមផ្លូវទឹក

– ការយកពន្ធតាមរយៈសួយសារលើការជួលឧបករណ៍ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ

– ការយកពន្ធកាត់ទុកលើកម្រៃសសេវាបច្ចេកទេស

– ការរក្សាបាននូវអត្រាពន្ធកាត់ទុកខ្ពស់ ចៀសវាងបាននូវផលប៉ះពាល់ខ្លាំងលើចំណូលពន្ធជាតិ

– ការយកពន្ធលើចំណូលផ្សេងៗរបស់អនិវាសនជន

– ការដាក់បញ្ចូលនូវគោលការណ៍លើកទឹកចិត្ត សម្រាប់គម្រោងវិនិយោគ ដែលមានលក្ខណសម្បតិ្តគ្រប់គ្រាន់ ដែលមានប្រយោជន៍សម្រាប់ធានាភាពទាក់ទាញ នៃការវិនិយោគផ្ទាល់មកពីបរទេស តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដូចដែលមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា។

 

ជារួម កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា កម្ពុជា-តំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា-តួកគី មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងកិច្ចព្រៀងស្ដីពីការចៀងវាងការយកពន្ធត្រួតគ្នាទាំងពីរនេះ បានធ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃគោលនយោបាយពន្ធអន្តរជាតិ និងបទប្បញ្ញតិ្តស្ដីពីពន្ធដាររបស់កម្ពុជា ក៏ដូចជាតាមលំនាំគំរូអង្គការសហប្រជាជាតិ ដែលមានលក្ខណៈអំណោយផលដល់ប្រទេសកំពុងអភិឌ្ឍន៍ ដូចកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here