ដោយៈ សុខុម
មូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ថា ប្រទេសរុស្ស៊ី បើកទ្វារចំហសម្រាប់កិច្ចចរចាសន្តិភាព ហើយថាការចរចាជាមួយអ៊ុយក្រែន នឹងកាន់តែលំបាកដោយសារពេលវេលាចេះតែអូសបន្លាយយូរទៅៗ។
បុរសខ្លាំងរូបនេះ បានលើកឡើងអំឡុងកិច្ចប្រជុំក្នុងសភារុស្ស៊ីថា “យើងមិនបដិសេធការចរចាសន្តិភាពនោះទេ ប៉ុន្តែអ្នកដែលបដិសេធគួរតែដឹងថា បើខ្ជះខ្ជាយពេលវេលាកាន់តែច្រើន ពួកគេនឹងកាន់តែពិបាកចរចាជាមួយពួកយើង”។ នេះបើយោងតាមសារទីភ្នាក់ងារព័ត៌មានចិន Xinhua ចុះផ្សាយនៅថ្ងៃសុក្រ ទី៨ ខែកក្កដា នេះ។
លោកបានឡើងដោយចំៗថា លោកខាងលិចដែលដឹកនាំ ដោយសហរដ្ឋអាមេរិក បានតាមរករឿងប្រទេសរុស្ស៊ី យ៉ាងខ្លាំងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
លោកបានបន្ថែមថា “សំណើរបស់យើងសុំបង្កើតប្រព័ន្ធសន្តិសុខ ស្មើភាពគ្នានៅអឺរ៉ុប ត្រូវបានច្រានចោល”។ លោកបន្ថែមថា “គំនិតផ្តួចផ្តើមនានាសម្រាប់ការងាររួមគ្នា លើបញ្ហាការពារកាំជ្រួចមីស៊ីលត្រូវបានច្រានចោល។ ការព្រមានអំពីការមិនអាចទទួលយកបាន ចំពោះការពង្រីកខ្លួនរបស់អង្គការ NATO មិនត្រូវបានគេអើពើ”។
លោកប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ថា ការប៉ុនប៉ងរបស់បណ្តាប្រទេសលោកខាងលិច ក្នុងការដាក់បទបញ្ជាថ្មីមកលើពិភពលោក នឹងត្រូវបរាជ័យជាមិនខាន៕ Xinhua៕