តម្រូវការសម្ភារៈសំណង់មានកំណើនខ្ពស់ស្របនឹងគម្រោងសំណង់ចាប់ផ្ដើមដំណើរការឡើងវិញ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ខណៈគម្រោងអគារ និងសំណង់មួយចំនួនដែលបានផ្អាកដំណើរការកាលពីឆ្នាំ២០២១កន្លងទៅ បានចាប់ផ្ដើមឡើងវិញនោះ ធ្វើឱ្យសម្ភារៈសំណង់ ក្នុងប្រទេសកម្ពុជាចាប់ផ្ដើម មានតម្រូវការខ្ពស់ឡើងវិញ ដែលជំរុញឱ្យអ្នកផ្គត់ផ្គង់សម្ភារៈសំណង់បង្កើនការផ្គត់ផ្គង់បន្ថែម។

លោកឧកញ៉ាហ៊ួត ជា អគ្គនាយកក្រុមហ៊ុនហ៊ួតជាបានមានប្រសា​សន៍កាលពីថ្ងៃទី៧កក្កដា ២០២២ឱ្យដឹងថា ក្រោយពីស្ថានភាពកូវីដ១៩ បានថមថយទៅ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍជាហូហែរ ហើយគ្រប់សំណង់តូចធំក៏ចាប់ផ្ដើមដំណើរការឡើងវិញ។ ជាមួយគ្នានេះការផ្គត់ផ្គង់សម្ភារៈសំណ ង់ក៏នៅតែមានតម្រូវការខ្ពស់ និងចាំបាច់បំផុត សំរាប់ការអភិវឌ្ឍវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះលោកឧកញ៉ាបានមើលឃើញថា នៅដើមឆ្នាំ២០២២នេះ ក្រុមអ្នកវិនិយោគធំៗបានស្ទុះយ៉ាងគំហុកឡើងវិញ ជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់នៅក្នុងប្រទេ​សកម្ពុជាទាំងមូល បាននិងកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស និងមានសន្ទុះខ្លាំងឡើងគួរឱ្យកត់សម្គាល់។

លោកហួត ជាបានបន្តថា បច្ចុប្បន្ននេះគេឃើញអាជីវករជាច្រើន បាននិងកំពុងងើបឡើងវិញ និងអភិវឌ្ឍន៍ខ្លួនកាន់តែខ្លាំង ដើម្បីដើរឱ្យទាន់យុគ្គសម័យថ្មី នៃប្រទេសជិតខាងទៅលើមុខរបរប្រេនឆាយ ដូចជា សម្ភារៈសំណង់ជាដើម ដែលកំពុងតែមានការពេញនិយម និងប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ហើយបានធ្វើឱ្យការវិនិយោគ មានពង្រីកវិសាលភាពផ្គត់ផ្គង់ទៅដល់ដៃអតិថិជននៅគ្រប់រាជធានី\ខេត្ត ទូទាំងប្រទេសផងដែរ។

លោកបានអះអាងទៀតថា អ្នកដែលចាប់ដៃគូវិនិយោគ ជាមួយក្រុមហ៊ុនរបស់ខ្លួន នឹងទទួលបានផលចំណេញច្រើន ព្រោះក្រុមហ៊ុនបានឈរជើងយ៉ាងរឹងមាំជាយូឆ្នាំ និងមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការពង្រីកមុខរបបមួយនេះឱ្យកាន់តែរីកចម្រើន។

ជាមួយលោកស្រី ហ៊ួត គាម អគ្គនាយករងក្រុមហ៊ុនហ៊ួតជា ក៏បានបទអះអាងផងដែរថា លោកស្រីនៅតែបន្តស្វាគមន៍ ដៃគូសហការគ្រប់ប្រភេទ និងគ្រប់តំបន់ ដើម្បីវិនិយោគជាមួយគ្នា បង្កើតអាជីវកម្មជាមួយគ្នា ស្វែងរកផលចំណេញដូចគ្នា ដើម្បីបំពេញជីវភាព ក៏ដូចជាបង្កើតមុខរបបជូនប្រជាពលរដ្ឋ នៅតាមបណ្ដាលទីប្រជុំជននិងគ្រប់រាជធានីខេត្ត។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ក្នុងរយៈពេល១ឆមាសនៃឆ្នាំ២០២២នេះការដ្ឋានសំណង់ ដូចជាគម្រោងអភិវឌ្ឍន៍ខុនដូ និងអាផាតម៉ិន នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញ ដែលធ្វើឱ្យសកម្មភាពនៃការសាងសង់ នៅក្នុងរយៈពេល៦ខែនេះ មានភាពមមាញឹកឡើងវិញផងដែរ។

ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗ នៅក្នុងរយៈពេលនេះយើងមិនទាន់ឃើញមានចំនួនច្រើននៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here