ដោយ៖ សុផារី
ភ្នំពេញ ៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានសហការជាមួយក្រុមហ៊ុនចិន Lixin Group ដើម្បីសាងសង់ទីលានបាញ់កាំភ្លើង ក្នុងគោលបំណងបម្រើដល់ការអភិវឌ្ឍន៍កីឡាបាញ់កាំភ្លើង និងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសត្រៀមឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកឡើងថា ការសាងសង់ទីលានប្រកួតបាញ់កាំភ្លើង នឹងធ្វើឱ្យកីឡាបាញ់កាំភ្លើងកម្ពុជាកាន់តែរីកចម្រើន និងដើរទាន់ បណ្តាប្រទេសផ្សេងៗ នឹងត្រៀមឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកសុផាន់ណា ឱ្យដឹងថា ដើម្បីធានាបានដល់ការអភិវឌ្ឍន៍កីឡាបាញ់កាំភ្លើងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិប្រកបដោយគុណភាព និងស្តង់ដារ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានចាប់ដៃគូជាមួយក្រុមហ៊ុនខាងលើ សម្រាប់ការសាងសង់ទីលានបាញ់កាំភ្លើង។
លោកប្រធានសហព័ន្ធបានបន្តថា ការសាងសង់ទីលានប្រកួតបាញ់កាំភ្លើង គឺជារឿងសំខាន់ និងចាំបាច់បំផុត ដើម្បីអភិវឌ្ឍកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យរីកចម្រើន និងដើរទាន់បណ្តាប្រទេសផ្សេងៗ។
ជាពិសេសទៀតនោះ ទីលានបាញ់កាំភ្លើងនេះ ក៏នឹងក្លាយជា ហេដ្ឋារចនាសម្ព័ន្ធមួយក្នុងវិស័យកីឡានៅកម្ពុជា ដែលកំពុងត្រៀមខ្លួនយ៉ាងសកម្មដើម្បីឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងសម្រាប់កម្ពុជា។ កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នានេះ នឹងបង្កើតអនាគត ដ៏ត្រចះត្រចង់មួយសម្រាប់កីឡាបាញ់កាំភ្លើងនៅកម្ពុជា។
លោក KEVIN HSU នាយកប្រតិបត្តិក្រុមហ៊ុន Lixin Group បានឲ្យដឹងថា ទីលានបាញ់កាំភ្លើងនេះ មានទីតាំងរបស់ក្រុមហ៊ុន លីស៊ីនថ្មី ក្នុងខេត្តព្រះសីហនុ។ ទីលាននេះនឹងបម្រើដល់ការប្រកួត និងបណ្តុះបណ្តាលក្រុមកីឡាបាញ់កាំភ្លើងជម្រើសជាតិកម្ពុជា និងជាកន្លែង ប្រើប្រាស់ផ្លូវការសម្រាប់ការប្រកួតទាំងជាតិ និងអន្តរជាតិដូចជាកីឡាស៊ីហ្គេមជាដើម៕