អបអរសាទរ! ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីកូវីដ១៩របស់ Nikkei

0

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជាបានឈានដល់ចំណាត់ថ្នាក់កំពូល នៅក្នុងសន្ទស្សន៍ការងើបឡើងវិញពីកូវីដ១៩របស់ Nikkei តាមពីក្រោយដោយប្រទេសវៀតណាម ដែលប្រទេសទាំងពីរកំពុងត្រលប់ទៅរកប្រក្រតីភាព នៃការបើកដំណើរការអាជីវកម្មឡើងវិញ។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ​​Nikkei Asia ចេញផ្សាយនៅកាលពីចុងសប្តាហ៍ កន្លងមក។

សន្ទស្សន៍ការស្តារឡើងវិញពីជំងឺកូវីដ១៩របស់ Nikkei បានវាយតម្លៃប្រទេស និងតំបន់លើការទប់ស្កាត់មេរោគ ការចាក់វ៉ាក់សាំង និងការបើកដំណើរការសកម្មភាពសង្គម។ ចំណាត់ថ្នាក់របស់ Nikkei ផ្អែកទៅលើចំនួនករណីឆ្លង និងការស្លាប់ របស់ប្រទេសមួយ អត្រានៃការចាក់ថ្នាំបង្ការ និងចំនួននៃការរឹតបន្តឹងដែលវាបានដាក់ចេញ។

ក្រសួងសុខាភិបាល បានរាយការណ៍ថា គ្មានករណីកូវីដ១៩ថ្មីអស់រយៈពេលជិតពីរខែ មុនពេលដែលវីរុសត្រូវបានរកឃើញម្តងទៀតនៅថ្ងៃទី១៨ ខែមិថុនា ហើយចាប់តាំងពីពេលនោះមកបានបន្តរកឃើញក្នុងចំនួនតិចតួច។

របាយការណ៍បានរាយការណ៍ថា “នៅក្នុងចំណាត់ថ្នាក់សម្រាប់ខែមិថុនា ប្រទេសកម្ពុជាបានឡើងដល់កំពូល បន្ទាប់ពីឈរនៅលេខ២ និងលេខ៣ ចាប់តាំងពីខែមីនា។ ប្រទេសកម្ពុជាបានកត់ត្រា “គ្មានករណីថ្មី” សម្រាប់រយៈពេល៥២ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមិថុនា។

ប្រទេស​កម្ពុជា​ទទួលបាន​៧៨​ពិន្ទុ​នៅ​កំពូល​តារាង ខណៈ​លេខ​២ គឺប្រទេស​វៀតណាម​មាន​៧៦.៥​ពិន្ទុ​។ កូស្តារីកា កូរ៉េខាងត្បូង និងកាតា ជាប់ចំណាត់ថ្នាក់លេខ៣ ទី៤ និងទី៥ ដោយទទួលបាន ៧៣ពិន្ទុ ៧២,៥ពិន្ទុ និង៧២ពិន្ទុរៀងគ្នា។ Barbados ស្ថិតនៅបាតតារាងដោយមានត្រឹម៣៩ពិន្ទុ។

វៀតណាម​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​លោត​ពី​ចំណាត់​ថ្នាក់​ទី១៤ ក្នុង​ខែ​ឧសភា។ របាយការណ៍បាននិយាយថា ការកើនឡើងនៃចំណាត់ថ្នាក់នេះបានកើតឡើង ដោយសារតែការថយចុះនៃការឆ្លង និងការស្លាប់ ខណៈដែលប្រទេសផ្សេងទៀត នៅអាស៊ីអាគ្នេយ៍ ក៏បានមើលឃើញពីភាពប្រសើរឡើងនៃការជាសះស្បើយផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែក្រើនរំលឹកដល់សាធារណជន កុំឱ្យមានការធ្វេសប្រហែស ហើយត្រូវអនុវត្តវិធានការបង្ការ “៣កុំនិង៣ការពារ” ជានិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here