ដោយ: លាងហួរ
រុស្ស៊ី: ទីក្រុងមូស្គូ បានហាមឃាត់បំពង់បង្ហូរឧស្ម័ន ដ៏ធំបំផុតរបស់ខ្លួនចូលទៅកាន់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះដល់ថ្ងៃទី២១ខែកក្កដា។
គេរំពឹងថាការបង្ហូរឧស្ម័នរបស់រុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់នឹងត្រូវហាមឃាត់រយៈពេល១០ថ្ងៃ ប៉ុន្តែរដ្ឋបាលទីផ្សារ និងក្រុមហ៊ុនជាច្រើនព្រួយបារម្ភថាការហាមឃាត់នេះ អាចនឹងអូសបន្លាយពេលបន្តទៀត ដោយសារសង្គ្រាមនៅអ៊ុយក្រែន។
បំពង់ Nord Stream 1 ដែលដឹកជញ្ជូនឧស្ម័ន៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ នៅក្រោមបាតសមុទ្របាល់ទិក នឹងត្រូវបិទលែងបង្ហូរឧស្ម័ន ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២១ខែកក្កដា។
កាលពីខែមុន ប្រទេសរុស្ស៊ីបានកាត់បន្ថយ លំហូរបំពង់ឧស្ម័នមកត្រឹម៤០ភាគរយ នៃសមត្ថភាពសរុបរបស់បំពង់បង្ហូរប្រេង ដោយរុស្ស៊ីបានលើកឡើងថា ក្រុមហ៊ុនSiemens Energy របស់ប្រទេសអាល្លឺម៉ង់ នៅក្នុងប្រទេសកាណាដា បានពន្យាពេលក្នុងការប្រគល់ ឧបករណ៍មកឱ្យរុស្ស៊ីវិញ។
ចំណែកប្រទេសកាណាដា ក៏បានប្រកាសកាលពីចុងសប្តាហ៍ថា ខ្លួននឹងប្រគល់ឧបករណ៍ ដែលបានជួសជុលឡើងវិញឱ្យរុស្ស៊ី ប៉ុន្តែកាណាដានឹងពង្រីកការដាក់ទណ្ឌកម្ម ប្រឆាំងនឹងវិស័យថាមពលរបស់រុស្ស៊ី។
អឺរ៉ុបបារម្ភថា រុស្ស៊ីអាចនឹងបន្តបិទបំពង់បង្ហូរឧស្ម័ន ដើម្បីរឹតបន្តឹងការផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុបបន្ថែមទៀត ដោយនាំឱ្យផែនការអឺរ៉ុបក្នុងការស្តុកឧស្ម័នសម្រាប់រដូវរងារមានភាពច្របូកច្របល់។
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាឡឺម៉ង់ លោកRobert Habeck បាននិយាយថា ប្រទេសអាល្លឺម៉ង់ គួរតែត្រៀមប្រឈមមុខនឹងលទ្ធភាព ដែលរុស្ស៊ីនឹងផ្អាកលំហូរឧស្ម័ន តាមរយៈបំពង់ Nord Stream 1 លើសពីរយៈពេលហាមឃាត់ដែលរុស្ស៊ីបានកំណត់៕