ដោយ សុខុម
វិភាគ: នៅពេលថ្នាក់ដឹកនាំនៃអង្គការបក្សម្ព័ន្ធយោធា NATO ជួបប្រជុំនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីចុងខែមុន លោក Jens Stoltenberg អគ្គលេខាធិការរបស់ NATO ព្រមានថា រុស្ស៊ី និងមហាយក្សចិន កំពុងបន្ត “ពង្រីកឥទ្ធិពលផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធានៅទូទាំងតំបន់ភាគខាងត្បូងរបស់យើង”។
សំដៅដល់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង លោក Jens Stoltenberg បានលើកឡើងថា “ទាំងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង កំពុងប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច ការបង្ខិតបង្ខំ និងវិធីសាស្រ្តកូនកាត់ដើម្បីជំរុញផលប្រយោជន៍របស់ពួកគេនៅក្នុងតំបន់”។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១១ ខែកក្កដា នេះ។
ក្រុមអ្នកសង្កេតការណ៍និយាយថា អង្គការ NATO មានការព្រួយបារម្ភខ្លាំងចំពោះឥទ្ធិពលដែលកំពុងកើនឡើងរបស់មហាយក្សចិន និងរុស្ស៊ី នៅអាហ្រ្វិក ដោយសារប្រទេសទាំង២នេះបានទម្លាក់លុយច្រើនពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទ្វីបនេះក្រោមគំនិតផ្តួចផ្តើមឆ្លងទ្វីប “ខ្សែក្រវាត់ និងផ្លូវ” របស់មហាយក្សចិន។
កត្តានេះបានជំរុញឱ្យអឺរ៉ុប ងាកមកផ្ដោតយកចិត្តទុកដាក់មកលើតំបន់នេះខ្លាំងជាងមុន ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនធំភ័យខ្លាចថា ពិបាកនឹងទប់ទល់ឥទ្ធិពលរបស់មហាអំណាចទាំង២នេះណាស់ដោយសារកត្តាស្មុគស្មាញមួយចំនួន។
តំបន់មួយដែលគួរឱ្យព្រួយបារម្ភ គឺប្រទេសម៉ាលី ជាកន្លែងដែលប្រទេសបារាំង ជាសម្ព័ន្ធមិត្តដ៏រឹងមាំនៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ និងកងកម្លាំងឧទ្ទាម ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់ពាន់ម៉ឺននាក់ភៀសខ្លួន។
ប៉ុន្តែកាលពីឆ្នាំមុន ប្រទេសបារាំង មានជម្លោះជាមួយរដ្ឋាភិបាលយោធាម៉ាលី ហើយប្រទេសម៉ាលី ក៏ងាកទៅចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីនាំយកគ្រូបណ្តុះបណ្តាលយោធា ដែលភាគច្រើនមកពីក្រុមទាហានស៊ីឈ្នួល Wagner ដែលគាំទ្រវិមានក្រឹមឡាំង (រុស្ស៊ី)។
លោក Jens Stoltenberg បានលើកឡើងថា ខណៈប្រទេសម៉ាលី បានងាកទៅរកប្រទេសរុស្ស៊ី ប្រទេសជិតខាងម៉ូរីតានី (Mauritania) នឹងក្លាយជាអ្នកទទួលនូវ “កញ្ចប់ពង្រឹងសមត្ថភាពការពាររបស់អង្គការ NATO ដើម្បីជួយដោះស្រាយបញ្ហាសន្តិសុខព្រំដែន ការចំណាកស្រុកមិនប្រក្រតី និងភេរវកម្ម”។
ទន្ទឹមនេះអង្គការ NATO ក៏បានព្រមព្រៀងផ្ដល់ការគាំទ្របន្ថែមសម្រាប់ប្រទេសទុយនីស៊ី និងប្រទេសហ្ស៊កដានី ផងដែរ។
ប្រទេសម៉ូរីតានី និងប្រទេសម៉ាលី ស្ថិតនៅក្នុងតំបន់ដ៏អស្ថិរភាព Sahel ជាតំបន់ដែលលាតសន្ធឹងពីភាគខាងកើតទៅខាងលិចឆ្លងកាត់ទ្វីបអាហ្វ្រិក ហើយនោះគឺជាចំណុចយុទ្ធសាស្ត្រសម្រាប់មហិច្ឆតាពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង នៅអាហ្វ្រិក។
ការវិនិយោគរបស់មហាយក្សចិន នៅក្នុងតំបន់នេះមានទំហំធំធេងណាស់ ដោយលាតសន្ធឹងចាប់ពីប្រទេសសេណេហ្គាល់ ប្រទេសនីហ្សេរីយ៉ា ប្រទេសឆាដ ប្រទេសហ្គីណេ ប្រទេសនីហ្សេរីយ៉ា និងប្រទេសស៊ូដង់ ហើយថ្មីៗនេះបានរុលចូលដល់ប្រទេសបួគីណាហ្វាសូ (Burkina Faso)៕ South China Morning Post៕