ដោយ: លាងហួរ
ប្រទេសថៃ: ប្រទេសថៃកំពុងរៀបចំផែនការសាងសង់ ទីក្រុងឆ្លាតវៃក្នុងទំហំទឹកប្រាក់៣៧ពាន់លានដុល្លារ នៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មនៅជិតទីក្រុងបាងកក។
គម្រោងទីក្រុងឆ្លាតវៃនេះ ក៏ទទួលបានការសន្យាវិនិយោគរាប់ពាន់លានដុល្លាររួចហើយ ពីក្រុមហ៊ុនរថយន្ត រ៉ូបូត ថែទាំសុខភាព និងភស្តុភារទូទាំងពិភពលោក។
ផែនការមេដើម្បីសាងសង់ទីក្រុងឆ្លាតវៃ នៅក្នុងស្រុក Huai Yai នៃខេត្តChonburi ចម្ងាយប្រហែល១៦០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងបាងកក ត្រូវបានអនុម័តដោយក្រុមប្រឹក្សា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចាកាលពីថ្ងៃចន្ទ។
x
ក្រុមមន្ត្រីបាននិយាយថា ទីក្រុងថ្មីនេះមិនទាន់មានឈ្មោះនៅឡើយទេ តែទីក្រុងនឹងត្រូវលាតសន្ធឹងលើផ្ទៃដី២៣៤០ហិចតា និងត្រូវចំណាយថវិកាអស់១,៣៤ពាន់ពាន់លានបាតរយៈពេល១០ឆ្នាំខាងមុខ។
លោក Kanit Sangsubhan អគ្គលេខាធិការនៃច្រករបៀងសេដ្ឋកិច្ចខាងកើតបានប្រាប់អ្នកយកព័ត៌មានថា គម្រោងនេះ នឹងរួមមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៥ ដើម្បីផ្តល់ឱ្យក្រុមហ៊ុនជួល។
ទីក្រុងថ្មីនេះ នឹងរួមបញ្ចូលមជ្ឈមណ្ឌល សម្រាប់បង្កើតទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងតំបន់ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងតំបន់សុខាភិបាលច្បាស់លាស់ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍អន្តរជាតិ និងឧស្សាហកម្មនាពេលអនាគតដូចជាថាមពលស្អាត និងបច្ចេកវិទ្យា 5G ជាដើម។
ចំណែកលំនៅដ្ឋានក្នុងទីក្រុងថ្មីនឹងត្រូវបានរចនាឡើង ដែលអាចឲ្យ មនុស្សរស់នៅបាន៣៥ម៉ីននាក់នៅឆ្នាំ២០៣២ និងបង្កើតការងារផ្ទាល់ចំនួន២០ម៉ឺនកន្លែង។
លោក Kanit បាននិយាយថាទីក្រុងថ្មី នឹងអាចរស់នៅបានសម្រាប់មនុស្សជំនាន់ថ្មី ក៏ដូចជាដំណើរការជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។
លោកបានបន្ថែមថា “យើងបង្កើតគម្រោងថ្មីនេះ ដើម្បីទូទាត់ប្រាក់ចំណូលដែលបាត់បង់ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩”៕