ដោយៈ សុផារី
ភ្នំពេញៈ តម្លៃអចលនទ្រព្យលំនៅឋាននៅតាមបុរីនានា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២២នេះ មាននិន្នាការផ្ទុយពីត្រីមាសទី១ ឆ្នាំ២០២២ ដោយមានតែគម្រោងតម្លៃសមរម្យ និងតម្លៃខ្ពស់ត្រូវបានសម្ពោធ ខណៈតម្លៃនៃផ្ទះគ្រប់ប្រភេទបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
អ្នកនាង គឹម គិនកេសា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ តាមរយៈបទបង្ហា ញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា គម្រោងបុរី ដែលត្រូវបានដាក់សម្ពោធ និងបញ្ជប់ការសាងសង់នៅក្នុងត្រីមាសទី២នេះ មានគម្រោងប្រភេ ទតម្លៃសមរម្យ និងលំនៅឋានប្រណីត ខណៈតម្លៃមានការធ្លាក់ចុះ សម្រាប់គ្រប់ប្រភេទផ្ទះគួរឱ្យកត់សម្គាល់។
អ្នកជំនាញរូបនេះឱ្យដឹងថា “គួរឱ្យកត់សម្គាល់ថា នៅក្នុងត្រីមាសនេះ មានគម្រោងសម្ភោធថ្មីចំនួន១០គម្រោង និងបញ្ចប់ការសាងសង់ចំនួន៣គម្រោង។ ក្នុងនោះគម្រោងសម្ពោធថ្មីទាំង១០ ជាគម្រោងតម្លៃមធ្យម និងលំនៅឋានប្រណីត ដែលមិនមានគម្រោងតម្លៃសមរម្យណាមួយ ត្រូវបានសម្ពោធឡើយ”។
អ្នកនាងបន្តថា យ៉ាងណាមិញ ចំនួនផ្ទះនៅក្នុងទីក្រុងភ្នំពេញប្រមាណជាង១៧០០ខ្នង ត្រូវបានសាងសង់រួចរាល់ ក្នុងត្រីមាសទី២ឆ្នាំនេះ ដែលស្មើនឹង៣៧% នៃចំនួនផ្ទះសរុបដែលបានគ្រោងទុក សម្រាប់ការផ្គត់ផ្គង់ឆ្នាំ២០២២។
អ្នកនាងបញ្ជាក់ថា “លទ្ធផលនេះបានបង្ហាញពីសញ្ញាផ្ទុយពីអ្វី ដែលយើងបានមើលឃើញកាលពីត្រីមាសមុន ដែលគម្រោងលំនៅឋានតម្លៃសមរម្យ បានពង្រីកខ្លួនសម្ពោធ និងដាក់ដំណើរការយ៉ាងច្រើនសន្ធឹកសន្ធាប់”។
យើងសង្គេតឃើញ នៅក្នុងឆមាសទី២ ឆ្នាំ២០២២នេះ តម្លៃផ្ទះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចន្លោះពី១,៧ភាគរយ ដល់៤,៩ភាគរយ តាមប្រភេទផ្ទះបុរី។ ក្រោយពីមានការប្រកួតប្រជែងដ៏ខ្លាំងក្លា ក្នុងរយៈពេល៩ខែចុងក្រោយនេះ។
តាមរយៈរបាយការនៃការសិក្សាបានបង្ហាញថា ក្នុងត្រីមាសទី២នេះ តម្លៃផ្ទះល្វែងបានធ្លាក់ចុះ២,៧% ដែលតម្លៃជាមធ្យមក្នុងមួយម៉ែត្រក្រឡា ចន្លោះពី៥០០ ដល់១០០០ដុល្លារអាមេរិក តម្លៃផ្ទះវីឡាកូនកាត់បានធ្លាក់ចុះ២% តម្លៃចន្លោះពី៥០០ ដល់១០០០ដុល្លារអាមេរិក តម្លៃផ្ទះអាជីវកម្មបានធ្លាក់ចុះ១,៧% តម្លៃចន្លោះពី១០០០ ដល់១៥០០ដុល្លារអាមេរិក ផ្ទះវីឡាភ្លោះបានធ្លាក់ចុះច្រើនជាងគេរហូតដល់៤,៩% តម្លៃចន្លោះពី១០០០ ដល់១៥០០ដុល្លារអាមេរិក៕