រដ្ឋបាលរាជធានីភ្នំពេញនឹងសង់រោងចក្រផលិតទឹកស្អាតទំហំ៣០ហិចតាមួយនៅតំបន់ជាយក្រុង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កំណើនប្រជាពលរដ្ឋរស់នៅ តំបន់ជាយក្រុងនៃរាជធានីភ្នំពេញ បានចោទជាបញ្ហាសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត ហើយប៉ុន្មានកន្លងមកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏សារភាពថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់ទឹកឱ្យគ្រប់គ្រាន់ទៅតាមកំណើននៃប្រជាសាស្ត្រនៅភ្នំពេញ។

ដើម្បីកាត់បន្ថយនូវបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង់ស្ថានីយ៍ផលិតទឹកស្អាតមួយទៀតនៅជាយក្រុង ហើយរំពឹងថាស្ថានីយ៍ទឹកស្អាតនេះនឹងមានសមត្ថភាពផលិតទឹកបាន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

រោងចក្រផលិតទឹកស្អាតនេះនឹងសាងសង់លើដីសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល ហើយក៏អាចផ្គត់ផ្គង់ទឹកដល់ពលរដ្ឋ ដែលមានតម្រូវការ នៅជុំវិញតំបន់នោះ ស្របនឹងកំណើនការអភិវឌ្ឍបុរីលំនៅឋាននៅតំបន់នោះ ក៏កើនឡើងជារៀងរាល់ឆ្នាំផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈចុះពិនិត្យមើលស្ថានភាពទឹក សណ្ដស្ទឹងព្រែកត្នោត បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ  ចុះទៅពិនិត្យគម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ។

មន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយទឹកស្អាត របស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញខាងលើនេះ មានឈ្មោះថា រោងចក្រផលិតទឹកស្អាតបឹងធំ មានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី៣០ហិចតា។

រោងចក្រផលិតទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតឱ្យប្រជាពលរដ្ឋបាននៅភាគខាងលិចឈៀងខាង ត្បូងរាជធានីភ្នំពេញ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកទៀតនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី។

រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣នឹងអាចអោយបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង៣សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាពឱ្យកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅស្អាតផឹកទឹកស្អាតមានអនាម័យល្អ ទៅតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា កំណើននៃសំណង់អគារខុនដូ បុរីនៅភ្នំពេញ និងខេត្តកណ្ដាល បានធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើង ទើបធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់ជាយក្រុង មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយនៅពេលស្ថានីយ៍ផលិតទឹកស្អាតនៅបាក់ខែងសង់រួច រំពឹងថា ពលរដ្ឋនឹងមានប្រើប្រាស់គ្រប់គ្រាន់កាន់តែច្រើន ឬលែងខ្វះខាតទឹកស្អាតប្រើប្រាស់ ដូចកាលពីប៉ុន្មានឆ្នាំមុនទៀតហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here