ប្រទេសចិន និងម៉ាឡេស៊ីឯកភាពក្នុងការពង្រឹង និងពង្រីកគម្រោងខ្សែក្រវាត់ និងផ្លូវ

ចែករំលែក

ដោយៈ លាងហួរ

ម៉ាឡេស៊ីៈ ព្រះមហាក្សត្រ Sultan Abdullah Sultan Ahmad Shah របស់ម៉ាឡេស៊ីបានជួបជាមួយលោក វ៉ាងយី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ចនៅទីនេះ បានយល់ព្រមពន្លឿនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញគម្រោងខ្សែក្រវាត់ និងផ្លូវសំខាន់ៗ។

ព្រះអង្គ Abdullah បានមានបន្ទូលថា ប្រទេសចិនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួនផងដែរ។

ភាគីទាំងពីរបានរួមគ្នា សម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឺកូវីដ១៩ និងវឌ្ឍនភាពដ៏អស្ចារ្យលើគម្រោងសួនឧស្សាហកម្មនៃប្រទេសទាំងពីរ ដែលបានបញ្ចូលកម្លាំងជំរុញខ្លាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។

ប្រមុខរដ្ឋកំពូលរបស់ម៉ាឡេស៊ី ស្វាគមន៍ការវិនិយោគរបស់ចិន កាន់តែច្រើន ហើយបានសម្តែងឆន្ទៈរួមគ្នា កសាងគម្រោងធំៗនៃខ្សែក្រវាត់ និងផ្លូវជាមួយប្រទេសចិន ដើម្បីធ្វើជាឧទាហរណ៍នៃការតភ្ជាប់គ្នាទៅវិញទៅមក។

លោកវ៉ាងយី បានលើកឡើងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី អស់រយៈពេល១៣ឆ្នាំជាប់ៗគ្នា ហើយកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរទទួលបានផ្លែផ្កា ជំរុញការអភិវឌ្ឍ និងស្តារឡើងវិញសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ព្រមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនទាំងពីរ។

ប្រទេសចិន មានឆន្ទៈធ្វើការជាមួយម៉ាឡេស៊ី ដើម្បីពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ កសាងខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ ពង្រីក និងពង្រឹងគម្រោងសំខាន់ៗ បង្កើតតំបន់សាកល្បង សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងតំបន់ត្រួសត្រាយផ្លូវសម្រាប់ការច្នៃប្រឌិត។

លោកវ៉ាងយី បានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយម៉ាឡេស៊ី ដើម្បីប្រកាន់ខ្ជាប់នូវភាពបើកចំហក្នុងតំបន់ ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលពិបាកទទួលបាននៅក្នុងតំបន់ និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍ និងវឌ្ឍនភាពរបស់មនុស្សជាតិ៕


ចែករំលែក