ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត ឱ្យពង្រឹងលើសេវាអ៊ីនធើណេត ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត ជាពិសេសនៅតាមតំបន់ទេសចរណ៍នានា។
សម្តេចបានមានប្រសាសន៍យ៉ាងនេះ ក្នុងសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។
សម្តេចបានមានប្រសាសន៍ថា “ត្រូវមានការគាំទ្រផ្នែកនេះ មិនគ្រាន់តែនៅជនបទទេ តែទីក្រុងក៏ត្រូវឲ្យមានភាពរឹងមាំឡើងផ្នែកសេវា ព្រោះកន្លែងខ្លះ ឧទាហរណ៍នៅតាមអូតែល ដាក់ថា Free Wifi តែវិលខ្ញាល់តែម្តង វិលទាំងអស់ ព្រោះវាត្រូវបានធ្វើដើម្បីតម្រូវត្រឹមតែប៉ុន្មាន ២០ទូរស័ព្ទ ប៉ុន្តែពេលឡើងដល់១០០នាក់ វាវិលទាំងអស់”។
សម្តេចបានបន្តថា “គ្រប់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនអ៊ីនធើណែតទាំងអស់ៗ ត្រូវតែពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង ហើយពង្រីកវានៅតាមបណ្តាតំបន់ទេសចរណ៍នានា ដើម្បីទាក់ទាញទេសចរទៅកំសាន្តតាមតំបន់ឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធគាំទ្រអ៊ីនធើណែតនេះ”៕