សម្តេចតេជោស្នើឲ្យមន្រ្តីពាក់ព័ន្ឋយកឆ្នាំ២០២៣ “ជាឆ្នាំទស្សនាកម្ពុជា”

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជម្រុញឲ្យមន្រ្តីពាក់ព័ន្ឋយកព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមជាយុទ្ឋនាការទស្សនាកម្ពុជាឆ្នាំ​២០២៣។

សម្តេចបានថ្លែងក្នុងពិធីបិទសន្និបាត ការងារក្រសួងទេសចរណ៍នាព្រឹក​ថ្ងៃទី១៤ កក្កដានេះថា ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខ្ញុំស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ ទស្សនាកម្ពុជាឆ្នាំ ២០២៣ (Visit Cambodia Year 2023) ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា”។

សម្តេចបន្តថា សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមយុទ្ធនាការ  “កម្ពុជាស្អាត” និង “ទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ និងបដិសណ្ឋារកិច្ចល្អ”  ដើម្បីលើកកម្ព​ស់មុខមាត់កម្ពុជាផង  និងអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ី ហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ផង។

សម្តេចតេជោ ហ៊ុន សែនបានបន្តទៀតថា ប្រទេសកម្ពុជាជាប្រទេសដំបូងគេមួយនៅក្នុងតំបន់ ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកកាន់ប្រទេសកម្ពុជា។

សម្តេចបានថ្លែងបន្តថា កាលពីខែមីនា ឆ្នាំ២០២២ កម្ពុជាក៏បានសម្រេចបើកការធ្វើដំណើរតាម ច្រកទ្វារអន្តរជាតិឡើងវិញ និងផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on arrival) និងលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញលទ្ធផលPCR តេស្តអវិជ្ជមាន និងមិនតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់ ដោយគ្រាន់តែបង្ហាញបណ្ណ ឬព័ត៌មាននៃការចាក់វ៉ាក់សាំងគ្រប់ដូស។

សម្តេចបានផ្តល់អនុសាសន៍ឱ្យពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឱ្យបានល្អ ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់ នូវអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ការតភ្ជាប់ចូលមកកម្ពុជា ពីប្រភពទីផ្សារទេសច​រណ៍សំខាន់ៗ នៅក្នុងតំបន់ និងសកលលោក។

យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ ពេញមួយឆ្នាំ២០២២នេះ កម្ពុជា អាចទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាននាក់ និងប្រមាណ២លាននាក់ នៅឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម៕

LEAVE A REPLY

Please enter your comment!
Please enter your name here