កំណើនដីធ្លីសម្រាប់កសិកម្មនឹងមានតម្រូវការខ្ពស់នៅពេលខាងមុខ ស្របពេលអ្នកធុរកិច្ចចិនកំពុងផ្តោតលើវិស័យនេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ  ដីធ្លីសម្រាប់កសិកម្មក៏ជាផ្នែកមួយនៃអចលនទ្រព្យ ដែលនឹងមានតម្រូវការខ្ពស់នៅពេលខាងមុខឆាប់ៗនេះ ស្របពេលនឹងកម្ពុជាបានបើកច្រកទីផ្សារសម្រាប់នាំចេញផលិតផលកសិកម្ម ទៅកាន់បណ្ដាប្រទេសមានទីផ្សារធំៗនៅលើពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ជាមួយគ្នានេះ អ្នកវិនិយោគចិនកាន់តែច្រើនបាន និងកំពុងវិនិយោគលើផ្នែកនេះ ដើម្បីផលិតនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត។

លោកឧកញ៉ានួន រឹទ្ធ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFA បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី១៣ កក្កដាថា វិស័យមួយចំនួនដែលបានគាំទ្រឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានកំណើននិងសក្ដានុពលក្នុងនោះដីកសិកម្ម ក៏នឹងមានតម្រូវការ និងការវិនិយោគច្រើននៅពេលឆាប់ៗនេះដែរ ខណៈបច្ចុប្បន្ននេះដីប្រភេទនេះ ក៏មានការបញ្ជាទិញពីអ្នកវិនិយោគសម្រាប់ត្រៀម ក្នុងការវិនិយោគដំណាំ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

លោកឧកញ៉ាបន្តថា “ផលិតផលកសិកម្មមួយចំនួន កំពុងតែមានទីផ្សារនៅក្រៅប្រទេស និងមានការនាំចេញទៅក្រៅប្រទេស ជាបន្តបន្ទាប់ផងដែរ”។ លោកបន្តថា “នៅពេលខាងមុខស្ទើរតែគ្រប់មុខនេះ ផលិតផលកសិកម្មកម្ពុជា នឹងមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ សូម្បីតែស្លឹក​  គ្រៃ រមៀតខ្ជាយក៏មានការនាំចេញ ទៅប្រទេសឆ្ងាយៗដែរ ដូច្នេះវិស័យអចលនទ្រព្យជាពិសេសដីធ្លី នឹងមានតម្រូវការខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងដាំដុះដើម្បីនាំចេញ”។

លោកឧញ៉ានួន រិទ្ឋីបានបន្ថែមថា កត្តាដែលជំរុញឱ្យកសិកម្មមានសក្ដានុពលកាន់តែខ្ពស់នោះ គឺកម្ពុជាទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមានទីផ្សារធំៗ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ជាដើម ។

កាលពីពេលថ្មីៗនេះដែរ កម្ពុជាបានដាក់មុខទំនិញជាង១០មុខទៀតដើម្បីត្រៀមចរចានាំចេញ ទៅកាន់ទីផ្សារប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយជំហានបន្តបន្ទាប់ផលិតផលកសិកម្មជាច្រើនទៀតនឹងត្រូវចរចានាំចេញទៅកាន់ទីផ្សារទាំងនោះ។

លោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យCentury 21 Zillion Holding បានឱ្យដឹងថា គ្រប់បណ្ដាខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា សុទ្ធតែមានសក្ដានុពលទៅលើដំណាំ កសិកម្មគ្រាន់តែខេត្តនីមួយៗ មានសក្ដានុពលទៅលើដំណាំផ្សេងៗគ្នា ដូច្នេះអ្នកវិនិយោគលើកសិកម្ម នឹងទទួលបានផលប្រយោជន៍ និងប្រាក់ចំណូលខ្ពស់នៅពេលខាងមុខ ពីព្រោះថាប្រទេសណា ក៏មានតម្រូវការទៅលើស្បៀងអាហារដែរ ហើយកម្ពុជា ជាប្រទេសផលិតស្បៀងសំខាន់មួយលើពិភពលោក។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា អ្នកវិនិយោគចិនថ្មីៗជាច្រើនបានចូលមកវិនិយោគ នៅកម្ពុជា ពួកគេផ្តោតលើវិស័យកសិកម្មច្រើន ដើម្បីនាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត។

លោកបន្តថា “មូលហេតុដែលចិន ផ្តោតលើការវិនិយោគកសិកម្ម ដោយសារតម្លៃដីនៅកម្ពុជាមានតម្លៃទាប និងជាដីមានជីវជាតិល្អ ដែលធ្វើ ឲ្យផលិតផលកសិកម្មមានគុណភាព និងរសជាតិឆ្ងាញ់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here