ដោយ ៖ ដួង ចន្រ្ទា
ភ្នំពេញ ការលក់សម្ភារៈប្រើប្រាស់នៅតាមលំនៅដ្ឋាន នៅតែរក្សាបានកំណើន ទោះជាមានបញ្ហាប្រឈម ពិសេស ការរត់ពន្ឋទំនិញខុសច្បាប់មានការកើនឡើងក្នុងទីផ្សារក្តី។
នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស៊ុនស៊ីម៉ិកកូ លោក តាំង សុទ្ឋារិទ្ឋ បានថ្លែង ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី17 ខែវិច្ឆិកា នេះថា ទោះជាមានការប្រកួតប្រជែងកើនឡើង និងចលនានៃការរត់ពន្ឋទំនិញកើនឡើងក្តី ប៉ុន្តែការលក់ផលិតផលប្រើប្រាស់នៅតាមលំនៅដ្ឋានរបស់យើងមិនធ្លាក់ចុះនោះទេ គឺយើងនៅតែរក្សាបានកំណើន ប៉ុន្តែស្ថិតក្នុងកំនើនតិចតួចប៉ុណ្ណោះ។ លោកបន្តថា ជាមួយនឹងការពង្រីកការលក់នៅបណ្តារាជធានី ខេត្ត ដែលមានរហូតដល់ 17 សាខារួចហើយក្តី ប៉ុន្តែយើងមានគំរោងពង្រីកទៅកាន់ខេត្តស្ទឹងត្រែង ដោយសារជាខេត្តជាប់ព្រំដែនឡាវ និងមិនសូវមានសកម្មភាពរត់ពន្ឋនោះទេ។
-->
លោកបន្តថា “សេដ្ឋកិច្ចរបស់យើងនៅតែរក្សាបានកំណើនល្អប្រសើរ ទើបធ្វើឲ្យការលក់របស់យើងនៅបន្តរក្សាកំនើន និងអាចចែកចាយផលិតផលក្នុងទីផ្សារដែលកំពុងប្រកួតប្រជែងបាន” ។ លោកបន្តថា “ជាមួយនឹងការធ្វើពិពិធកម្មទីផ្សារ ស៊ុនស៊ីម៉ិកកូ ផ្តោតលើការនាំចូលផលិតផលចម្រុះ ដើម្បីផ្តល់ជម្រើសដល់អតិថិជន និងជំរុញឲ្យពួកគេបានស្គាល់ផលិតផលច្រើន”។
ទោះជាយ៉ាងណាបច្ចុប្បន្ននេះផលិតផល សូនី និងម៉ាកសាំសុងកំពុងនាំមុខគេនៅលើទីផ្សារ។ នេះបើតាមលោក តាំង សុទ្ឋារិទ្ឋ ។
លោកបន្តថា ក្នុងពេលកម្ពុជាប្រកាន់យកនិន្នាការទីផ្សារសេរី លោកបាន ផ្តោតលើការនាំចូលផលិតផលចម្រុះ ជាជាងលក់ផលិតផលផ្តាច់មុខ ដើម្បីងាយស្រួលដល់អតិថិជន ដែលពួកគេអាចជ្រើសរើសផលិតផលតាមពួកគេចង់បាន និងក្នុងតម្លៃមានភាពប្រកួតប្រជែង។

លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន G GEAR ដែលនាំចូលផលិតផលម៉ាក LG ផ្តាច់មុខពីប្រទេសកូរ៉េ បានអះអាងស្រដៀងគ្នាផងដែរថា ផលិតផលនាំចូលបច្ចុប្បន្នភាគច្រើន កំពុងប្រឈមការប្រកួតប្រជែងខ្លាំងពីអ្នករកស៊ីតូចតាចមួយចំនួន ដែលនាំចូលរួចពន្ឋផងដែរ ដែលធ្វើឲ្យទីផ្សារកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង។ លោកបន្តថា ទោះជាយ៉ាងណា យើងនៅតែសម្រេចបាននូវកំណើននៃការលក់ផងដែរ ដោយសារការពង្រីកហេដ្ឋារចនាសម្ពន្ឋរបស់រដ្ឋាភិបាលកាន់តែទូលំទូលាយ ពិសេសបណ្តាញអគ្គិសនី ដែលធ្វើឲ្យប្រជាពលរដ្ឋមានលទ្ឋភាពប្រើប្រាស់ ផលិតផលអេឡិចត្រូនិកនានាកាន់តែច្រើន។ លោកបន្តថា “កំណើនជីវភាពរបស់ប្រជាពលរដ្ឋ និងការពង្រីកបណ្តាញអគ្គិសនីដល់ទីជនបទកាន់តែទូលាយ នឹងជួយធ្វើឲ្យផលិតផលប្រើប្រាស់កាន់តែមានទីផ្សារកាន់តែច្រើនផងដែរ” ៕

