ដោយៈ សុខុម
ភ្នំពេញ: វាជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា និងប្រជាជនខ្មែរ ទាំងអស់ដែលផ្ទះលម្ហែបែបជំរំធម្មជាតិ Shinta Mani Wild បានជាប់ឈ្មោះក្នុងចំណោមផ្ទះលម្ហែដ៏ប្រណីតបំផុតទាំង៨នៅអាស៊ី។ នេះបើយោងតាមសារព័ត៌មានសិង្ហបុរី CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា នេះ។
ផ្ទះលម្ហែបែបជំរំតង់ដ៏ប្រណីតនេះ សម្ងំលាក់ខ្លួននៅកណ្ដាលព្រៃព្រឹក្សា បង្អួតសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល គួរឱ្យគយគន់ជាពន់ពេក និងខ្យល់អាកាសដ៏បរិសុទ្ធ នៃឧទ្យានជាតិគិរីរម្យ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា ផ្ទះស្នាក់លម្ហែរ ប្រកបដោយផាសុកភាពខ្ពស់ បែបធម្មជាតិពិតៗនេះនៅមាន១៥បន្ទប់ ពោលគឺ១៥ផ្ទះដាច់ដោយឡែកពីគ្នា ដែលមានកម្ពស់ខ្ពស់ជាងទឹករលក និងទឹកជ្រោះ អាចផ្តល់នូវទេសភាព និងបទពិសោធន៍ខុសប្លែកពីរមណីយដ្ឋានឯទៀតនៅអាស៊ី។
អ្វីដែលកាន់តែពិសេសទៀតនោះ គឺថែមទាំងមានខ្សែរ៉តប្រវែង៤០០ម៉ែត្រ ដែលភ្ញៀវទេសចរអាចជិះឆ្លងស្ទឹង និងគយគន់សម្រស់ធម្មជាតិជុំវិញទីនោះយ៉ាងអស្ចារ្យថែមទៀតផង។
ផ្អែកតាមសារព័ត៌មានក្នុងស្រុកដដែលឱ្យដឹងថា គម្រោងផ្ទះលម្ហែដ៏ប្រណីតនេះ បានចំណាយទុនវិនិយោគ រហូតដល់ទៅ១លានដុល្លារអាមេរិក ឯណោះក្នុងការសាងសង់ផ្ទះមួយ។ ចំណែកឯតម្លៃស្នាក់នៅវិញគឺញាក់សាច់តែម្ដង ពោលគឺមានតម្លៃចាប់ពី១.៥០០ដុល្លារ ឡើងទៅក្នុង១យប់។
ផ្ទះលម្ហែប្រណីតបំផុតទាំង៨ប្រចាំតំបន់អាស៊ី រួមមានដូចខាងក្រោម៖
១. ផ្ទះលម្ហែមាត់ឆ្នេរ Fu Bar នៅកោះត្រល់ ប្រទេសវៀតណាម។
២. ផ្ទះលម្ហែ Crowne Plaza Vientiane នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
៣. ផ្ទះលម្ហែមាត់ឆ្នេរ Azerai Ke Ga Bay ប្រទេសវៀតណាម ។
៤. ផ្ទះលម្ហែបែបជំរំធម្មជាតិ Shinta Mani Wild ប្រទេសកម្ពុជា។
៥. ផ្ទះលម្ហែមាត់ឆ្នេរ Six Senses Yao Noi ប្រទេសថៃ ។
៦. ផ្ទះលម្ហែមាត់ឆ្នេរ Gaya Island Resort ប្រទេសម៉ាឡេស៊ី។
៧. ផ្ទះលម្ហែព្រៃភ្នំ Amanjiwo ប្រទេសឥណ្ឌូនេស៊ី ។
៨. ផ្ទះលម្ហែមាត់ឆ្នេរ One&Only Desaru Coast ប្រទេសម៉ាឡេស៊ី ៕ CNA៕