ដោយៈ គង់ សូរិយា
រុស្ស៊ីៈ រុស្ស៊ីបានព្រមានជាថ្មីម្តងទៀតថា តម្លៃប្រេងនឹងហក់ឡើងកាន់តែខ្ពស់់ ប្រសិនជាប្រទេសសមាជិក នៃក្រុមប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង៧(G7)ព្យាយាមកំណត់លើតម្លៃប្រេងរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការប៉ុនប៉ងរបស់G7 ដើម្បីកំណត់តម្លៃប្រេង តាមពិតវានឹងបង្កឱ្យតម្លៃប្រេងកាន់តែឡើងថ្លៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។
លោកស្រីបានប្រាប់សន្និសីទព័ត៌មាន ប្រចាំសប្តាហ៍ថា “ផែនការ ទាំងនោះ គឺប្រឆាំងនឹងទីផ្សារសេរី និងមានហានិភ័យខ្ពស់”។
គម្រោងកំណត់តម្លៃប្រេងនេះ ត្រូវបានតាក់តែងឡើងជាលើកដំបូង កាលពីខែមុន ដោយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែលជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីបង្កើនសម្ពាធលើទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់នូវអ្វីដែលវិមានក្រឹមឡាំងហៅថាជា “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន។
រូបរាងនៃកិច្ចព្រមព្រៀងចុងក្រោយ និងកម្រិតតម្លៃមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសដាក់កំហិតលើការទិញប្រេងពីរុស្ស៊ី ជាមធ្យោបាយដាក់ទណ្ឌកម្ម ទីក្រុងម៉ូស្គូខណៈដែលប្រេង រុស្ស៉ីបានលក់ក្នុងការបញ្ចុះតម្លៃ ដ៏គួរឲ្យស្រលាញ់ដល់ពិភពលោក ចំពេលដែលពួកគេកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងការដឹកជញ្ជូន។
លោកស្រី Zakharova ក៏បានធ្វើអត្ថាធិប្បាយផងដែរអំពីដំណើររបស់ប្រធានាធិបតីអាមេរិក លោកJoe Biden ទៅកាន់មជ្ឈិមបូព៌ា ហើយបានលើកឡើងថា លោកBiden ទំនងជាស្នើឱ្យអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងធំជាងគេ នៅលើពិភពលោកបង្កើនផលិតកម្មប្រេង ដើម្បីកាត់បន្ថយតម្លៃប្រេងសាំងខ្ពស់។
លោកស្រីក៏បានស្តីបន្ទោសថា តម្លៃប្រេងឡើងថ្លៃខ្លាំង គឺដោយសារតែកំហុសរបស់លោកខាងលិច នៅក្នុងគោលនយោបាយថាមពល ក៏ដូចជាការដាក់ទណ្ឌកម្ម ប្រឆាំងនឹងអ្នកផលិតថាមពលធំៗ ដូចជា រុស្ស៊ី អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាផងដែរ៕