ដំណឹងល្អៈរយៈពេលជាង១ឆ្នាំកម្ពុជាចម្រាញ់រ៉ែមាសបានប្រមាណ ៣,២តោនហើយ

0

ដោយៈ សុផារី

ភ្នំពេញៈ លោកស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ប្រទេសកម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ៣,២៧៤គីឡូក្រាមហើយ ក្រោយប្រតិបត្ដិការបានជាង១ឆ្នាំ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Co.Ltd ដែលជាក្រុមហ៊ុនសញ្ជាតិអូស្ដ្រាលី គឺក្រុមហ៊ុន ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាលើការរុករករ៉ែមាស ក្នុងតំបន់ខាងលើ។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។

លោកស៊ុយ សែម បានបញ្ជាក់ឱ្យដឹងក្នុងពិធីមួយកាលពីថ្ងៃទី១៤ កក្កដាថា ចាប់តាំងពីក្រុមហ៊ុន Renaissance Minerals ចាប់ផ្ដើមដំណើរការចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មានចំនួន៣,២៧៤គីឡូក្រាម។

ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជាង១ឆ្នាំហើយ។

លោកអ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៨ ដែលទទួលបានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មរ៉ែ ពីក្រសួងរ៉ែ និងថាមពល។ ក្នុងចំណោមក្រុមហ៊ុនទាំង៨នេះ មានក្រុមហ៊ុនចំនួន៤ បានបញ្ចប់ការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន (EIA) រួចរាល់ហើយ និងក្រុមហ៊ុនចំនួន៤ទៀត មិនអាចមិនទាន់អាចធ្វើការរុករករ៉ែបានទេ ដោយស្ថិតក្នុងដំណើរការ ធ្វើការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន។

លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនទាំង៤ ដែលបានបញ្ចប់ការវាយតម្លៃ ហេតុផលប៉ះពាល់បរិស្ថាន ក្នុងនោះមានតែក្រុមហ៊ុន១ប៉ុណ្ណោះ ដែលបានចាប់ផ្តើមដំណើរការ ធ្វើអាជីវកម្មរុករករ៉ែ ចំណែកក្រុមហ៊ុន៣ទៀត កំពុងរៀបចំខ្សែច្រវាក់ផលិតកម្ម និងសាកល្បងធ្វើអាជីវកម្មរុករករ៉ែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here