ដោយសុខុម
ហាណូយ: ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋទិញទំនិញតាមអនឡាញច្រើនបំផុត ដោយក្នុងពលរដ្ឋវៀតណាម ម្នាក់កុម្ម៉ង់ទិញអីវ៉ាន់តាមអនឡាញជាធម្យម១០៤ដងក្នុងមួយឆ្នាំ។
នេះបើយោងតាមរបាយការណ៍ថ្មី ចេញដោយក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនទំនិញបញ្ជាទិញតាមអនឡាញឈានមុខគេ Ninja Van Group ដែលធ្វើប្រតិបត្តិការនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ផងដែរ។
សារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែកក្កដា ថា ៧៣%នៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិនិយាយថា ពួកគេបានទិញទំនិញលើវេទិកា ឬ Platform ទិញទំនិញតាមអនឡាញជាប្រចាំ ហើយ៥៩%ឆ្លើយថា ពួកគេបានកុម្ម៉ង់ ឬទិញតាមគេហទំព័រអន្តរជាតិនានាជាច្រើនដង។
បច្ចុប្បន្ន ប្រទេសវៀតណាម គ្របដណ្ដប់១៥%នៃចំណែកទីផ្សារទិញទំនិញតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសថៃ ហើយស្មើជាមួយប្រទេសហ្វីលីពីន។
របាយការណ៍ខាងលើបង្ហាញថា ពលរដ្ឋវៀតណាម ចូលចិត្តការទិញទំនិញតាមអនឡាញ ហើយឈានមុខគេនៅក្នុងតំបន់៕