ដោយៈ គង់ សូរិយា
បាត់ដំបងៈ ទីក្រុងបាត់ដំបង ដ៏ទាក់ទាញនាភូមិភាគពាយ័ព្យប្រទេសបាននិងកំពុងត្រៀមរៀបចំនូវ បណ្តុំទស្សនីយភាពនៃការសម្តែងសិល្បៈរបាំ សម្តែងសៀក តន្រ្តី ការដើរបង្ហាញម៉ូដ បង្ហាញស្នាដៃសិល្បៈនានា ជាលក្ខណៈប្រចាំឆ្នាំ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
កម្មវិធីដែលត្រូវបានប្រសិទ្ឋនាម “ជំនោរសិល្បៈ”នេះ ធ្វើឡើងក្នុងគោលដៅផ្សព្វផ្សាយ និងរកទីផ្សារឱ្យអ្នកសិល្បៈចម្រុះជំនាញ នឹងប្រារព្ធឡើងវិញម្តងទៀត នៅលើកំណាត់ផ្លូវ ២.៥ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ២៥-២៧ ខែវិច្ឆិកា ឆ្នាំនេះ ក្រោយពីបានខកខាន ២ ឆ្នាំ។
លោកប៉ោយ ឈុនលី ជាអ្នករៀបចំកម្មវិធីមហោស្រព “ជំនោរសិល្បៈ” នៅឆ្នាំ ២០២២បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ពេលនេះ យើងព្យាយាមបង្ហាញតាមហ្វេសប៊ុក ដើម្បីដាស់អារម្មណ៍ដល់មហាជន ដែលជាអ្នកគាំទ្រឱ្យនឹកឃើញ និងចងចាំពីកម្មវិធីមហោស្រព “ជំនោរសិ ល្បៈ ឡើងវិញ។
លោកបន្ថែមថា “ផែនការដំបូង គឺយើងចង់ប្រមែប្រមូលក្រុមអ្នកសិ ល្បៈក្មេងៗជំនាន់ក្រោយ ឱ្យចូលរួមបានច្រើន ដើម្បីបង្ហាញស្នាដៃរបស់ខ្លួន”។ លោកបន្ថែមថា “បន្ទាប់មក គឺចង់ពង្រីកដែនដីនៃក្រុមអ្នកសិល្បៈទាំងនោះ ដោយសារនាពេលកន្លងមក យើងឃើញមានតែការចូលរួមពីខេត្តបាត់ដំបង ហើយនៅលើកនេះ យើងបានពង្រីកទៅខេត្តសៀមរាប និងរាជធានីភ្នំពេញ”។
លោកប៉ោយ ឈុនលី បញ្ជាក់ថា ការរៀបចំកម្មវិធីមហោស្រព “ជំនោរសិល្បៈ”នេះ គឺចង់ប្រែក្លាយឱ្យទៅជាយុទ្ធសាស្រ្តមួយ ដើម្បីរកទីផ្សារជូនអ្នកសិល្បៈ គឺធ្វើយ៉ាងណា ឱ្យមានការទាក់ទាញពីមហាជនទាំងជាតិ និងអន្តរជាតិ ក្នុងរយៈពេល៣ថ្ងៃនេះ។
លោកបន្តថា ក្រុមសិល្បករ ដែលបានបង្កើតស្នាដៃខ្លួនត្រៀមយកមកបង្ហាញ និងលក់ដូរនូវផលិតផលសិល្បៈទាំងនោះ នាថ្ងៃប្រារព្ធកម្មវិធីមហោស្រពនេះ ត្រូវដាក់តម្លៃយ៉ាងណាឱ្យទាបជាងតម្លៃដើម ដែលខ្លួនត្រៀមលក់នៅលើទីផ្សារ ដោយនេះជាវិធីសាស្រ្តផ្សព្វផ្សាយ ស្នាដៃខ្លួនឯងឱ្យគេចាប់អារម្មណ៍។
លោកបន្តថា ជាក្តីស្រមៃគិតទុក សម្រាប់ពេលអនាគតនោះ យើងចង់ឱ្យមហោស្រពនេះ មិនត្រឹមតែធ្វើឡើងសម្រាប់តែជាការជួបជុំ របស់ក្រុមសិល្បករ-សិល្បការិនី ក្នុងប្រទេសកម្ពុជានោះឡើយ គឺយើងចង់ឱ្យក្លាយជាមហោស្រពសម្រាប់អ្នកសិល្បៈអន្តរជាតិ ដែលអាចចាប់ផ្តើមពីប្រទេសជិតខាងយើង មានដូចជានៅប្រទេសថៃ វៀតណាម ជាដើម។
នាពេលថ្មីៗនេះ យើងកំពុងពិភាក្សាគ្នាជាមួយ នឹងខាងភាគីជប៉ុន Japan Foundation ដោយគេចាប់អារម្មណ៍ ចូលរួមក្នុងកម្មវិធីមហោស្រព”ជំនោរសិល្បៈ” នេះផងដែរ។
ក្រុមសិល្បៈច្នៃម៉ូដមួយ មានមូលដ្ឋាននៅខេត្តបាត់ដំបង ឈ្មោះថា “ក្រុមទេពច្យុត-Tepsyort Art Fashion” ដែលមានលោកហ៊ិន គឺមយាន ជាប្រធានក្រុមនោះ ក៏គ្រោងកែច្នៃម៉ូដសម្លៀកបំពាក់ សម្រាប់ដើរបង្ហាញដល់មហាជន នាថ្ងៃប្រារព្ធកម្មវិធីមហោស្រពដែរគឺ “ម៉ូដរូបសត្វព្រៃហេមពាន្ត”។
លោកហ៊ិន គឹមយាន សិល្បករវ័យ២៩ឆ្នាំរូបនេះបង្ហើបថា យើងបានត្រៀមស្នាដៃច្នៃម៉ូដស្តីពីសត្វព្រៃហេមពាន្ត នាសម័យកាលពុទ្ធអង្គមានចំនួន ១០ ឈុត ដែលនឹងដើរ ក្រុមតារាម៉ូដែលជាភេទទី ៣។ យើងចង់បង្កប់សារយល់ដឹងបែបក្រើនរំឭកមួយដល់មហាជនថា កាលពីសម័យព្រះពុទ្ធ មិនមានការបរបាញ់សត្វច្រើនឡើយ ដូច្នេះសម្បូរសត្វព្រៃច្រើនប្រភេទ រួមទាំងបង្ហាញប្រភេទសត្វ ដែលមានក្នុងរូបគំនូរនៃសម័យកាលព្រះពុទ្ធផងដែរ”។
បណ្តុំទស្សនីយភាព នៃការរៀបចំមហោស្រព “ជំនោរសិល្បៈ” នៅលើកំណាត់ផ្លូវ២.៥ នៅក្រុង និងខេត្តបាត់ដំបង លើកដំបូងកាលពីថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០១៩៕