ដោយ គង់ សូរិយា
ភ្នំពេញ៖ កម្មវិធីប្រកាសពានរង្វាន់អចលនទ្រព្យអាស៊ីរៀបចំឡើងដោយក្រុមហ៊ុន Property Guru បានផ្តល់ពានរង្វាន់ដ៏មានកិត្យានុភាពចំនួន៦ ដល់បរីប៉េង ហួត ដែលជាបុរីធំជាងគេនៅកម្ពុជា។
កម្មវិធីផ្តល់ពានរង្វាន់នេះធ្វើឡើងនៅសណ្ឋាគារ The Athenee Hotel នាទីក្រុងបាងកកប្រទេសថៃ ដែលមានការចូលរួមពី១៧ប្រទេស ហើយក្រុមហ៊ុនប៉េងហួតគ្រុប ទទួលបានជ័យលាភីចំនួន៦ បន្ទាប់ពីគណកម្មការផ្តល់ពានរង្វាន់បានធ្វើការសិក្សា ពិនិត្យលក្ខខ័ណ្ឌគុណភាពសំណង់ សោភ័ណភាព រចនាបទរបស់បុរីនេះ។
ពានរង្វាន់ទាំង៦នោះរួមមាន ទី១ ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ល្អជាងគេ ប្រចាំប្រទេសកម្ពុជា Best Developer (Cambodia) ទី២ ពានអភិវឌ្ឍន៍ខុនដូល្អជាងគេ ប្រចាំប្រទេសកម្ពុជា The Star Polaris 23: Best Condo Development (Cambodia) ទី៣ពានរង្វាន់អភិវឌ្ឍន៍ចំរុះល្អជាងគេ ប្រចាំប្រទេសកម្ពុជា Greater Euro Ville: Best Mixed Use Development (Cambodia) ទី៤ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងលំនៅ
ឋានល្អជាងគេ ប្រចាំប្រទេសកម្ពុជា The Star Platinum Euro Ville (Housing): Best Housing Interior Design (Cambodia)
ទី៥ ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងខុនដូ ប្រចាំប្រទេសកម្ពុជា The Star Polaris 23 (Condo): Best Condo Interior Design (Cambodia) និងទី៦ ពានរង្វាន់ស្ថាបត្យកម្មឌីហ្សាញទេសភាពគម្រោងពាណិជ្ជកម្មល្អជាងគេ ប្រចាំប្រទេសកម្ពុជា Euro Park (Commercial): Best Commercial Landscape Architectural Design (Cambodia)។
លោកឧកញ៉ាថៃ ម៉េងលីអគ្គនាយកក្រុមហ៊ុនបុរីប៉េង ហួតគ្រុបធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ដោយសារក្រុមហ៊ុនបុរីប៉េង ហូតចង់ធ្វើអ្វីឲ្យប្លែក ធ្វើអ្វីឲ្យល្អសម្រាប់ប្រទេសជាតិ ទើបយើងកសាងបុរីនេះឡើងគិតពីបរិស្ថាន សួនបៃតង និងរចនាផ្ទះដែលស្អាតៗជូនអតិថិជនទាំងអស់។ យើងចង់ឲ្យខ្មែរមានមោទនភាពថា ខ្មែរយើងក៏អាចសាងសង់ផ្ទះបានល្អ ដូចប្រទេសផ្សេងៗបានដែរ។
លោកបន្តថា “អ្វីដែលយើងផ្តោត គឺអតិថិជនចាប់ពីអ្នកមានជីវភាពមធ្យម រហូតដល់អ្នកមានជីវភាពលំដាប់ខ្ពស់។ លោកបន្តថា “អ្វីដែលជោគជ័យរហូតមកទល់ពេលនេះ ដោយសារក្រុមហ៊ុនបុរីប៉េង ហូត តែងតែធ្វើអ្វីលើសពីការរំពឹងទុករបស់អតិថិជន។ មានន័យថា អ្វីយើងនិយាយគឺធ្វើ ហើយយើងបានធ្វើ និងធ្វើបានស្អាតជាងអ្វីដែលយើងបានសន្យា”៕