ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនចិន China Duty Free Group (CDF) ដែលមានទីតាំងកណ្តាលនៅទីក្រុងហុងកុង បានបន្តចូលមកបោះទុនវិនិយោគ នៅក្នុងទីផ្សារលក់រាយទំនិញរួចពន្ធនៅកម្ពុជា ដោយបានបើកដំណើរការផ្សារទំនិញរួចពន្ធចំនួន៣ទីតាំង សម្រាប់ពលរដ្ឋអាចទិញទំនិញម៉ាកល្បីៗលំដាប់អន្តរជាតិ ដោយមិនចាំបាច់ធ្វើដំណើរទៅបរទេសឡើយ។
ផ្សារទំនិញរួចពន្ធ (Duty Free)ទាំង៣ទីតាំង ដោយទីតាំងទី១ នៅរាជធានីភ្នំពេញ ស្ថិតនៅផ្សារក្រោមដីនៃសណ្ឋាគារ និងកាស៊ីណូណាហ្កាវើលដ៍ ទី២ ផ្សារទំនិញរួចពន្ធអង្គរសៀមរាប និងទី៣ ផ្សារទំនិញរួចពន្ធក្រុងព្រះសីហនុ។
តាមរយៈផ្សារទំនិញរួចពន្ធទាំងបីសាខារបស់ CDF មានផលិតផលជាច្រើនដូចជា ទឹកអប់ គ្រឿងសម្អាង ផលិតផលប្រណិតៗ នាឡិកាដៃ កាបូប វ៉ាលី សម្លៀកបំពាក់និងសម្ភារៈតុបតែងខ្លួន ។ល។ រួមមានម៉ាកផលិតផលល្បីៗជាង៤០ម៉ាក ដូចជា Lamer, Dior, SKII, Estee Lauder, MCM ជាដើម។ ជនជាតិខ្មែរអាចទិញផលិតផលដែលមានតម្លៃ ក្នុងមួយឯកតាមិនទាបជាង៥០ដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំអាចទិញទំនិញរួចពន្ធសរុបជាទឹកប្រាក់ចំនួន១០០០០ដុល្លារអាមេរិកក្នុងម្នាក់។
នេះបើយោងតាមការអះអាងរបស់ថ្នាក់ដឹង នៃក្រុមហ៊ុនចិនឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសសម្ពោធបើកដាក់ដំណើរការគោលការណ៍លក់ទំនិញរួចពន្ធ។
លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា “ចាប់ពីឆ្នាំ២០២០មក ជម្ងឺកូវីដបានរាតត្បាត នៅពាសពេញពិភពលោក ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ឲ្យបានឆាប់រហ័ស កាត់បន្ថយសំពាធរបស់សហគ្រាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុម័តឲ្យក្រុមហ៊ុន CDF Cambodia សាកល្បងអនុវត្តគោលការណ៍ លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ។ គោលការណ៍នេះបានផ្តល់ជូននូវជម្រើសថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការទិញផលិតផលលំដាប់ថ្នាក់ជាន់ខ្ពស់ នៅក្នុងប្រទេសរបស់ខ្លួន”។
លោក Wu Guo Quan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានថ្លែងថា “ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន CDF Cambodia យើងធ្វើជាសក្ខីភាពចំពោះសម័យកាលថ្មី ក្រោយកូវីដ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ជាកម្លាំងចលករជំរុញដល់ការសម្រេចបាននូវគោលការណ៍ថ្មីមួយ សម្រាប់ទីផ្សារលក់រាយទំនិញរួចពន្ធ”។
លោក Chang Zhu Jun អគ្គនាយករងក្រុមហ៊ុន China Duty Free Group បានថ្លែងសុន្ទរកថា តាមប្រព័ន្ធអ៊ីនធើណេតពីទីក្រុងហុងកុងថា “គោលការណ៍ថ្មីស្រឡាងមួយនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិជូន CDF Cambodia គឺសបញ្ជាក់អំពីមិត្តភាពដ៏ល្អផូរផង់ រវាងប្រទេសកម្ពុជានិងចិន ដើម្បីភាពអភិវឌ្ឍឲ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាការជឿជាក់ និងទទួលស្គាល់ចំពោះការធ្វើអាជីវកម្ម ប្រកបដោយជំនាញ និងស្របច្បាប់របស់ក្រុមហ៊ុន China Duty Free Group”។
លោក Shao Jian Chen អគ្គនាយកក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រាប់ការអនុម័ត ដែលធ្វើឲ្យគោលការណ៍លក់ទំនិញរួចពន្ធត្រូវបានសម្រេចអនុម័ត ទៅដោយរលូននិងជោគជ័យ។ គោលការណ៍នេះមិនត្រឹមតែមានគុណប្រយោជន៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញដល់ការអភិវឌ្ឍថ្មីមួយទៀត នៃទីផ្សារលក់រាយទំនិញរួចពន្ធនៅក្នុងប្រទេសកម្ពុជា៕