តំបន់ជាយក្រុងកាន់តែទាក់ទាញ ក្រោយអ្នកឧកញ៉ាមួយរូបប្រកាសសាងសង់គម្រោង​មជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍២បន្ថែមទៀត

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ អ្នកឧកញ៉ា ហុង ពីវ​ ម្ចាស់បុរីពិភពថ្មី ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានមួយរូបនៅក្នុងប្រទេសកម្ពុជា បានប្រកាសពីការបណ្ដាក់ទុនវិនិយោគ លើអគារមជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍បន្ថែមទៀតនៅក្នុងគម្រោងចំនួនពីរ ដែលជំរុញតំបន់ជាយក្រុងឱ្យកាន់តែទាក់ទាញបន្ថែម។

បើតាមអ្នកឧកញ៉ា ហុង ពីវ​ បានប្រកាសនៅតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ថា ដោយសារតែកំណើនប្រជាពលរដ្ឋរស់នៅគម្រោងអភិវឌ្ឍន៍ នៅតំបន់ជាយក្រុងកាន់តែច្រើន ធ្វើឱ្យតម្រូវការសេវាកម្មក៏មានកំណើន។ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការរៀបចំពិធីផ្សេងៗ ជាពិសេសពិធីរៀបមង្គលការ លោកបានសម្រេចបណ្ដាក់ទុនវិនិយោគ លើអគារមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ នៅតំបន់កំបូល និងតំបន់គួរស្រូវ។

អ្នកឧកញ៉ាបានប្រកាសថា គម្រោងវិនិយោគនេះនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២២នេះ ខណៈគម្រោងផ្សារ សាលារៀនបានដាក់ដំណើរការនៅគ្រប់គម្រោង នៅតំបន់ជាយក្រុងរួចហើយនោះ។

អ្នកជំនាញវិស័យអចលនទ្រព្យ បានមើលឃើញថា តំបន់ជាយរាជធានីភ្នំពេញ មានការអភិវឌ្ឍខ្លាំងទៅលើលំនៅឋាន ជាពិសេសលំនៅឋានសម្រាប់អ្នកមានចំណូលមធ្យម ដែលធ្វើឱ្យតំបន់ជាយក្រុងទាំងនោះកាន់តែមានភាពអ៊ូរអ និងធ្វើឱ្យតម្រូវការសេវាកម្មនានា នៅក្នុងតំបន់ទាំងនោះ ក៏មានកំណើនឡើងដូចគ្នា។

ទន្ទឹមនឹងនោះដែរ ការអភិវឌ្ឍលំនៅឋាន នៅតំបន់ជាយក្រុង នឹងនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា កាន់តែមមាញឹក និងកាន់តែរីកចម្រើនបន្ថែម ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែរីកសាយ ទៅកាន់តំបន់ជាយក្រុង ហើយកាត់យកផ្នែកខ្លះនៃខេត្តជាប់រាជធានីភ្នំពេញ មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការអភិវឌ្ឍលំនៅឋានរបស់បុរីមួយចំនួន នាពេលបច្ចុប្បន្ននេះ បានផ្ដល់លក្ខខណ្ឌងាយៗដល់អ្នកទិញផ្ទះ សម្រាប់ស្នាក់នៅ និងវិនិយោគ ដោយមិនទាមទារប្រាក់កក់អ្វីនោះឡើយ ពោលគឺឱ្យតែមានប្រាក់បង់ប្រចាំខែ គឺអាចទិញផ្ទះបានហើយ ធ្វើឱ្យកំណើនអ្នកទិញផ្ទះតម្លៃសមរម្យនៅរាជធានីភ្នំពេញ កាន់តែច្រើន និងមានការដោះដូរក៏កាន់តែខ្លាំងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here