ដោយដែន ចែងចាំង
ភ្នំពេញ៖ ក្នុងគោលដៅសម្រួលការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរណ៍ ប្រទេសកម្ពុជា និងថៃគ្រោងបើកច្រកទ្វារព្រំដែន២៤ម៉ោង ក្នុងរយៈពេលបីថ្ងៃ ដែលជាថ្ងៃកម្ពុជារៀបចំពិធីបុណ្យសមុទ្រនៅខេត្តកោះកុង។
អភិបាលខេត្តកោះកុងលោកជំទាវ មិថុនា ភូថង បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៣ វិច្ឆិកាកន្លងមកថា កម្ពុជា និងភាគីថៃ នឹងបើកច្រកទ្វារព្រំដែនអន្តរជាតិ២៤ម៉ោង លើ២៤ម៉ោង រយៈពេល៣ថ្ងៃអំឡុងថ្ងៃបុណ្យសមុទ្រ។ ការបើកច្រកទ្វារយ៉ាងដូច្នេះ ធ្វើឡើងដើម្បីអនុញ្ញាតសម្របសម្រួលដល់ការស្នាក់នៅរបស់ប្រជាពលរដ្ឋដែលលេងកម្សាន្តក្នុងពិធី ប្រសិនបើមានការខ្វះខាតទីកន្លែងស្នាក់នៅ។
លោកជំទាវបានបន្តថា “នេះជារឿងដ៏ល្អប្រសើរ និងឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ឋរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។
ជាមួយគ្នានេះ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន ចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវជាតិលេខ៤៨ថា អាជ្ញាធរខេត្តកោះកុង កំពុងតែទំនាក់ទំនងសម្របសម្រួលជាមួយអាជ្ញាធរខេត្តត្រាត ប្រទេសថៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងពីរបានចេញចូលលេងកម្សាន្ត និងស្នាក់នៅ អំឡុងថ្ងៃបុណ្យសមុទ្រ៣ថ្ងៃ តាមច្រកទ្វារអន្តរជាតិព្រំដែនចាំយាម។
លោកបន្តថា “ការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ នឹងធ្វើឲ្យការអភិវឌ្ឍន៍រវាងប្រជាជន និងប្រទេសទាំងពីរពិតជារឿងប្រសើរ។
ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង នឹងប្រព្រឹត្តឡើងទៅតាមការត្រៀមទុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការអញ្ជើញក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានសម្តែងសុទិដ្ឋិនិយមថា ពិធីបុណ្យសមុទ្រក្នុងខេត្តកោះកុង នឹងអាចមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចន្លោះពី២៥ម៉ឺននាក់ ដល់៣០ម៉ឺននាក់មកលេងកម្សាន្ត៕