ប្រទេសរុស្ស៊ីផាកពិន័យក្រុមហ៊ុន Google ចំនួន៣៦៩លានដុល្លារ ដោយសារមិនលុបព័ត៌មានហាមឃាត់

ចែករំលែក

ដោយ៖ លាងហួរ

រុស្ស៊ី៖ តុលាការនៅទីក្រុងមូស្គូបានសម្រេចកាលពីថ្ងៃច័ន្ទ ដើម្បីពិន័យក្រុមហ៊ុន Google LLC ចំនួន២១,០៧៧ពាន់លានរូប្ល (ប្រហែល៣៦៩លានដុល្លារអាមេរិក) សម្រាប់ការខកខានម្តងហើយម្តងទៀត ក្នុងការលុបមាតិកា ដែលហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី។

ការផាកពិន័យផ្នែករដ្ឋបាលមានចំនួនដល់ទៅមួយភាគដប់ នៃប្រាក់ចំណូលរបស់ Google និងក្រុមហ៊ុនពាក់ព័ន្ធ ដែលបានចុះឈ្មោះជាមួយអាជ្ញាធរពន្ធដារ នៅក្នុងប្រទេសរុស្ស៊ី។ ចំណែកសាលក្រមមិនទាន់ចូលជាធរមានទេ ហើយអាចប្តឹងឧទ្ធរណ៍ ក្នុងរយៈពេលកំណត់បាន។

អ្នកឃ្លាំមើល ក្នុងវិស័យទូរគមនាគមន៍ Roskomnadzor របស់រុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា YouTube ដែលគ្រប់គ្រងដោយ Google បានរួមចំណែកក្នុងគោលបំណងក្នុងការចែកចាយព័ត៌មាន ដែលមិនគួរឱ្យទុកចិត្តអំពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ីនៅអ៊ុយក្រែន សម្ភារៈផ្សព្វផ្សាយទស្សនៈជ្រុលនិយម និងមនោគមវិជ្ជានៃអង្គការភេរវករ ក្នុងចំណោមបទចោទផ្សេងៗទៀត។

កាលពីខែមុន តុលាការក្រុងមូស្គូបានពិន័យក្រុមហ៊ុន Google ជាលើកដំបូងចំនួន៧,២ពាន់លានរូប្លែ (ប្រហែល១២៦លានដុល្លារអាមេរិក) សម្រាប់ការខកខានរបស់ខ្លួន ក្នុងការលុបព័ត៌មានហាមឃាត់ដោយរុស្ស៊ី។

លើសពីនេះទៀត ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ត្រូវបានពិន័យជាប្រាក់ចំនួន១៥លានរូប្លែ (ប្រហែល២៦.០០០ដុល្លារអាមេរិក) កាលពីខែមុន ដោយសារក្រុមហ៊ុនបដិសេធ ម្តងហើយម្តងទៀត ក្នុងការធ្វើមូលដ្ឋានីយកម្មទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់រុស្ស៊ី៕


ចែករំលែក