ដោយៈ សុខុម
វៀងចន្ទន៍: ប្រទេសចិន បន្តក្លាយជាវិនិយោគិនបរទេសធំបំផុតនៅក្នុងប្រទេសឡាវ ដោយទុនវិនិយោគរហូតដល់ទៅ១៦,៤ពាន់លានដុល្លារអាមេរិក ត្រូវបានចាក់បញ្ចូលទៅក្នុងគម្រោងចំនួន៨៣៣គម្រោង។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋមន្ត្រីផែនការ និងវិនិយោគ លោក Khamjane Vongphosy។

-->
យោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដាបានឱ្យដឹងថា វិស័យដែលប្រទេសចិន បោះទុនវិនិយោគគឺចម្រុះគ្នា ដោយប្រទេសចិន បានចាក់បញ្ចូលទុនវិនិយោគ ទៅក្នុងអាជីវកម្មខ្នាត និងមធ្យម (SME) អាជីវកម្មខ្នាតធំ សហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជន។

លោករដ្ឋមន្ត្រី Khamjane Vongphosy បានថ្លែងថា មួយចំណែកធំនៃទុនវិនិយោគទាំងនេះ ត្រូវបានផ្ដល់ដល់គម្រោងផ្លូវដែកឡាវ -ចិន (Laos-China Railway) ផ្លូវល្បឿនលឿនវៀងចន្ទន៍-វ៉ាងវៀង (Vientiane-Vangvieng Expressway) តំបន់អភិវឌ្ឍន៍សាយសេដ្ឋា (Saysettha Development Zone) តំបន់សេដ្ឋកិច្ចពិសេសបូតេន-បូហាន (Boten-Bohan Special Economic Zone) បណ្តាញបញ្ជូនថាមពលអគ្គិសនី និងរោងចក្រវារីអគ្គីសនី ដែលបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសឡាវ និងប្រទេសចិន។
ថ្លែងក្នុងកិច្ចប្រជុំមន្ត្រីរដ្ឋាភិបាលឡាវ និងមន្ត្រីរដ្ឋាភិបាលចិន ព្រមទាំងប្រតិបត្តិករអាជីវកម្ម លោកបានលើកឡើងថា “ក្នុងឱកាសនេះ ខ្ញុំចង់ពិភាក្សារិះរកវិធីលើកកម្ពស់ និងគ្រប់គ្រងការវិនិយោគ របស់វិស័យឯកជននៅក្នុងប្រទេសឡាវ និងនៅក្រៅប្រទេសនាពេលអនាគត”។

លោកបានបន្ថែមថា “មានអ្នកចាប់អារម្មណ៍ច្រើន គួរឱ្យកត់សម្គាល់លើការវិនិយោគក្នុងវិស័យរ៉ែ។ ដូចនេះនៅក្នុងដំណើរការ នៃការពិចារណា និងការអនុម័តគម្រោង វាពិតជាសំខាន់ណាស់ ដែលត្រូវផ្ដោតលើលក្ខខណ្ឌដែលកំណត់ដោយវិនិយោគិន”៕ The Nation៕