លោកឧកញ៉ាលឹម ហេងពន្យល់ពីមុខទំនិញនាំចូលដែលមិនគួរចុះបញ្ជីកម្មសិទ្ឋបញ្ញាផ្តាច់មុខ

0

ដោយៈ សហការី
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានបញ្ជាក់ថា រាល់មុខទំនិញ និងឧបករណ៍ជួញដូរបាន ដែលនាំចូលពីក្រៅប្រទេស មិនគួរត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញា ឬម៉ាកពាណិជ្ជកម្មផ្តាច់មុខឡើយ។

លោកឧកញ៉ាបានពន្យល់ថា ព្រោះផ្ទុយពីច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ប្រកួតប្រជែងដោយស្មើភាព និងគោលនយោបាយទីផ្សារសេរីនៅកម្ពុជា ហើយក៏អាចប៉ះពាល់ ដល់ការធ្វើទំនើបកម្មសេដ្ឋកិច្ចជាតិផងដែរ ប៉ុន្តែការផលិត ឬដំឡើងក្នុងស្រុក ត្រូវបានការពារដោយច្បាប់ និងលើកទឹកចិត្តតាមរយៈច្បាប់ វិនិយោគថ្មី។

លោកឧកញ៉ា លឹម ហេងបានពន្យល់ថា “ផលិតផលម៉ាកពីបរទេស មិនអាចនាំចូលផ្តាច់មុខបានទេ ត្រូវតែប្រកួតប្រជែងស្មើភាពគ្នា ដើម្បីការពារអ្នកប្រើប្រាស់ តាមរយៈការកេងប្រវ័ញ្ចនានា”។

លោកបន្តថា នាពេលកន្លងមក យើងឃើញមានក្រុមហ៊ុនខ្លះ នាំចូលផលិតផលបរទេសមក ហើយបានចុះបញ្ជីកម្មសិទ្ធិផ្តាច់មុខរបស់គាត់ តែម៉ាកវាមានសេរីរបស់វា តែគាត់(អ្នកនាំចូល)មិនគិតចឹងទេ គាត់ថាម៉ាកនឹងគឺជារបស់គាត់ទាំងអស់ ហើយគាត់យកមកលក់តម្លៃស្រេចតែចិត្តគាត់ ដែលធ្វើឱ្យអ្នកប្រើប្រាស់ខាតបង់។

លោកឧកញ៉ាបានលើកជាឧទាហរណ៍ថា ដូចជាការចុះបញ្ជីកម្មសិទ្ធិបញ្ញា ឬផ្តាច់មុខនាំចូលគ្រឿង​យន្ត សម្រាប់វិស័យកសិកម្មជាដើម។ ក្រោយចុះបញ្ជីរួចពួកគេខ្លះ មិនបាននាំចូលទេ ហើយក៏មិនអនុញ្ញាតឱ្យអ្នកដទៃ អាចនាំចូលម៉ាក ដែលពួកគេបានចុះបញ្ជីរួចនោះដែរ។ ក្នុងន័យនេះ លោកឧកញ៉ា ពន្យល់ថា អ្នកដែលចង់នាំចូល​គ្រឿងយន្តកសិកម្ម ត្រូវស្នើសុំសិទ្ធិ ឬបង់លុយជូនពួកគេ ដែលជាម្ចាស់កម្មសិទ្ធិ ទើបអាចនាំចូលបាន។

លោកបានបន្តថា កម្ពុជាមានគោលនយោបាយសេដ្ឋកិច្ច ទីផ្សារសេរី ការនាំចូលគឺត្រូវមានការប្រកួតប្រជែង ដើម្បីឱ្យអ្នកទិញយកទៅប្រើប្រាស់ទទួលបានតម្លៃមួយសមរម្យ។ ដូច្នេះការនាំចូលផលិតផលពីបរទេសច្រើន គឺជាចំណុចវិជ្ជមាន ព្រោះបានបង្កើនវត្ថុធាតុដើម ក្នុងការផលិត ដើម្បីទទួលបានផលិតផលច្រើន សម្រាប់នាំចេញទៅក្រៅប្រទេសវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here