ប្រេសិតពិសេសអាស៊ានគ្រោងទៅមីយ៉ាន់ម៉ាជាលើកទី៣ សង្ឃឹមប្រើឥទ្ធិពលរបស់អ៊ុង សានស៊ូជី ដើម្បីបញ្ចប់អំពើហិង្សា

0

ដោយៈ សុខុម

ភ្នំពេញ: ប្រេសិតពិសេសរបស់អាស៊ាន ទទួលបន្ទុកដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បានលើកឡើងកាលពីថ្ងៃពុធ ទី២០ ខែកក្កដា ថា លោកកំពុ​ងត្រៀមធ្វើទស្សនកិច្ចជាផ្លូវការលើកទី៣ ទៅកាន់មីយ៉ាន់ម៉ា ហើយប្រ​សិនបើលោក បានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជីលោកចង់ប្រើឥទ្ធិពលរបស់លោកស្រី ដើម្បីបញ្ចប់អំពើហិង្សានៅទីនោះ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ព្រមទាំងមានតួនាទីជាប្រេសិតពិសេសរបស់អាស៊ាន ទទួលបន្ទុកដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មានសិង្ហបុរី CNA ថា លោកសង្ឃឹមថា នឹងធ្វើទស្សនកិច្ចអំឡុងសប្តាហ៍ទី២ ក្នុងខែកញ្ញា នៅមុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកក្រោយ ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី១៣ ខែកញ្ញា ដល់ ថ្ងៃទី២៧ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ជម្រើសមួយទៀតគឺលោក អាចនឹងធ្វើទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា នៅដើមខែតុលា នៅមុនពេលអាស៊ាន បើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនក្នុងខែវិច្ឆិកា ខណៈកម្ពុជា ជាប្រធានប្ដូរវេនរបស់អាស៊ាន នៅឆ្នាំនេះ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការ២លើកមុន របស់លោក លោក ប្រាក់ សុខុន ត្រូវបានយោធាមីយ៉ាន់ម៉ា បដិសេធមិនអនុញ្ញាឱ្យចូលជួបលោកស្រី អ៊ុង សានស៊ូជី ឡើយ ខណៈមេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាចរូបនេះ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារក្នុងក្រុងណៃពិដោ។

របបរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបដិសេធម្តងហើយម្តងទៀតនូវសំណើរបស់កម្ពុជា ដែលសុំជួបលោកស្រី អ៊ុង សានស៊ូជី ដោយលើកឡើងថា លោកស្រីកំពុងឡើងសវនាការ ជំនុំជម្រះទោសមិនទាន់ចប់ ដែលរួមមានការចោទប្រកាន់ជាច្រើន ពីបទប្រព្រឹត្តអំពើពុករលួយ និងការបន្លំសន្លឹកឆ្នោតផងដែរ។

ទោះជាយ៉ាងណា លោកស្រី អ៊ុង សានស៊ូជី បានច្រានចោលការចោទប្រកាន់ទាំងអស់នេះ។

លោក ប្រាក់ សុខុន  បានប្រាប់សារព័ត៌មាន CNA ថា “រឿងសំខាន់បំផុតដែលយើងនឹងសាកសួរ ឬពិភាក្សាជាមួយលោកស្រី គឺអំពីទស្សនៈរបស់លោកស្រី ចំពោះអនាគតនៃប្រទេសមីយ៉ាន់ម៉ា វិធីដែលលោកស្រីមើលឃើញច្រកចេញពីវិបត្តិ វិធីដែលឥទ្ធិពលនយោបាយរបស់លោកស្រីអាចមានទម្ងន់លើដំណើរការនយោបាយ ការសន្ទនានយោបាយដែលអាចឈានទៅរកសន្តិភាព និងការផ្សះផ្សារជាតិ”។

លោកបានបន្តថា “ចំណុចមួយទៀតគឺត្រូវសួរលោកស្រីថា តើគោលការណ៍អហិង្សារបស់លោកស្រី អាចមានឥទ្ធិពលលើក្រុមប្រដាប់អាវុធទាំងអស់បែបណា ដើម្បីឱ្យពួកគេបញ្ឈប់អំពើហិង្សា”។

លោកបានបន្ថែមទៀតថា “នៅពេលកងកម្លាំងប្រដាប់អាវុធទាំងអស់ឈប់ប្រយុទ្ធគ្នា ពួកគេនឹងត្រូវចូលតុចរចានៅថ្ងៃណាមួយ ហើយពេលនោះផ្លូវនឹងបើកចំហយ៉ាងទូលាយ សម្រាប់ការចរចាសន្តិភាព និងការផ្សះផ្សារជាតិ”។

លោកប្រាក់ សុខុនបានលើកឡើងថា “ដូចនេះលោកស្រី អ៊ុង សានស៊ូជី នៅតែត្រូវបានចាត់ទុកជាតួអង្គដ៏សំខាន់បំផុតមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងវិស័យនយោបាយ និងសម្រាប់សន្តិភាព និងការផ្សះផ្សាជាតិ”៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here