រុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់មហាយក្សចិនក្នុងប៉ុន្មានខែ ជាប់គ្នាចាប់តាំងពីផ្ទុះសង្គ្រាម

0

ដោយៈ សុខុម

ប្រទេសចិន: ទិន្នន័យបានបង្ហាញនៅថ្ងៃពុធ ទី២០ ខែកក្កដា នេះថា ប្រទេសរុស្ស៊ី បានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំ បំផុតរបស់មហាយក្សចិន២ខែជាប់គ្នាក្នុងខែមិថុនា ឆ្នាំ២០២២ នេះ។

រដ្ឋាភិបាលចិន បានសម្រុកទិញប្រេងបញ្ចុះថ្លៃថោកៗរបស់រុស្ស៊ី ក្នុងគ្រាដែលរុស្ស៊ី កំពុងទទួលរងទណ្ឌកម្មជុំទិស ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ហើយបានកាត់បន្ថយការទិញប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានតម្លៃថ្លៃជាង។

ផ្អែកតាមទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដាររបស់ប្រទេសចិន បង្ហាញថា ការនាំចូលប្រេងរុស្ស៊ី រួមទាំងការផ្គត់ផ្គង់តាមបំពង់បង្ហូរប្រេង ESPO (សម្រាប់ការនាំចេញប្រេងពីរុស្ស៊ី ទៅកាន់ទីផ្សារនៅអាស៊ី-ប៉ាស៊ីហ្វិក រួមមានជប៉ុន ចិន និងកូរ៉េ) និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែរុស្ស៊ី នៅអឺរ៉ុប និងចុងបូព៌ា (Far East) មានចំនួនសរុបដល់ទៅ៧,២៩លានតោន ដោយកើនឡើងជិត១០%បើធៀបនឹងឆ្នាំមុន។

ទោះជាយ៉ាងណា ការផ្គត់ផ្គង់ប្រេងរុស្ស៊ី ក្នុងខែមិថុនា ដែលស្មើនឹងប្រមាណ១,៧៧លានបារ៉ែលក្នុងមួយថ្ងៃ គឺទាបជាង បើធៀបនឹងការផ្គត់ផ្គង់ខ្ពស់បំផុត មិនធ្លាប់មានដល់ទៅជិត២លានបារ៉ែល ក្នុងមួយថ្ងៃក្នុងខែឧសភា ជាកម្រិតមួយដែលអ្នកវិភាគរំពឹងថា នឹងត្រូវរក្សាទុកឱ្យនៅប្រហាក់ប្រ​ហែលនេះ។

ប្រទេសចិន បាននាំចូលប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត ចំនួន៥,០៦លានតោន ឬស្មើនឹង១,២៣លានបារ៉ែលក្នុងមួយថ្ងៃ ដោយធ្លាក់ចុះពីចំនួន១,៨៤លានបារ៉ែល​ ក្នុងមួយម៉ោងក្នុងខែឧសភា ហើយធ្លាក់ចុះ៣០%ពីកម្រិតក្នុងខែមិថុនា ឆ្នាំមុន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here