ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលពិសេសមួយ ដោយផ្តោតលើការស្វែងរកព៌តមានជាក់លាក់ និងអាចទុកចិត្តបាន និងវិធីសាស្ត្រវិនិយោគលើវិស័យអចលនទ្រព្យ ដើម្បីបញ្ចៀសហានិភ័យ នឹងចាប់ផ្តើមនៅថ្ងៃទី៨ធ្នូខាងមុខនេះ នៅក្នុងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC)។
ដោយសារកង្វល់ទាក់ទងនឹងការវិនិយោគ ដែលអាចប្រឈមហានិភ័យ អ្នកជំនាញមួយក្រុមនឹងផ្តល់នូវវគ្គបណ្តុះបណ្តាលពិសេសមួយ ដើម្បីពួកគេបានយល់ដឹងពីវិនិសាស្ត្រវិនិយោគ ដើម្បីទទួលបានផលចំណេញ និងជាការវិនិយោគត្រឹមត្រូវតាមអ្វីដែលពួកគេចង់បាន។
ស្ថាបនិកនិងជាអគ្គនាយកនៃក្រុមហ៊ុនគេហទំព័រ Propertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ វិច្ឆិកានេះថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ ដោយសារយើងនាំយកនូវជំនាញ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសំរាប់វិនិច្ឆ័យ ការស្វែងរកព៌តមានត្រឹមត្រូវ និងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដើម្បីធ្វើជាមូលដ្ឋានពិចារណា មុនសម្រេចចិត្តវិនិយោគ។លោកបន្តថា ព៌តមានពិត និងអាចទុកចិត្ត បានមានសារៈសំខាន់ណាស់ សម្រាប់ធ្វើជាមូលដ្ឋាននៃការសម្រេចចិត្តវិនិយោគលើវិស័យអ្វីមួយ។
លោកបន្តថា “ខ្ញុំនឹងប្រើប្រាស់ជំនាញ និងបទពិសោធន៍រយៈពេលជាង២០ឆ្នាំក្នុងវិស័យសារព៌តមាន ដើម្បីបង្ហាញនូវមូលដ្ឋានគ្រឹះទាក់ទងព៌តមានពិត និងមិនពិត និងសារៈសំខាន់នៃសារព៌តមាន ដែលគួរជ្រើសរើសសម្រាប់អាន។ លោកបន្តថា “ក្នុងពិភពព៌តមា
នអាចមានព៌តមានពិត និងព៌តមានមិនពិត ហេតុនេះយើងនឹងផ្តល់នូវមូលដ្ឋានគ្រឹះនៃព៌តមាន ដើម្បីដឹងពីសារៈសំខាន់នៃតួនាទីសារព៌តមាន ដែលជាព៌តមានអាចទុកចិត្តបាន និងប្រើប្រាស់ជាមូលដ្ឋានសំរាប់គិតពិចារណា។
តើព៌តមានពិត និងសរសេរព៌តមានទាក់ទងវិស័យអចលនទ្រព្យយ៉ាងដូចម្តេចដើម្បីទាក់ទាញអ្នកអាន អាចទុកចិត្តបានត្រូវផ្អែកលើមូលដ្ឋានអ្វីខ្លះ យើងនឹងបកស្រាយក្នុងវគ្គបណ្តុះបណ្តាលពិសេសនេះ។
ជាមួយគ្នានេះលោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុន Lucky Realty Group ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើការទិញលក់ វិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា មុនសម្រេចចិត្តវិនិយោគ ការទទួលបានព៌តមានគ្រប់ជ្រុងជ្រោយ និងត្រូវពិនិត្យលើកត្តាអ្វីខ្លះ ទាក់ទងនឹងលំហូរសាច់ប្រាក់ ទីតាំងភូមិសាស្ត្រ និងមូលដ្ឋានអ្វីខ្លះ មុនសម្រេចចិត្តវិនិយោគ ដើម្បីបញ្ចៀសហានិភ័យ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ភ្នាក់ងារ ក៏ដូចជាអ្នកវិនិយោគនានាធ្វើការសម្រេចចិត្ត។
លោកបន្តថា “អ្នកមានចំណេះដឹង អ្នកយល់ពីទីផ្សារនឹងទទួលបានជោគជ័យលើការវិនិយោគរបស់ខ្លួន ហេតុនេះអ្នកវិនិយោគដែលចង់បញ្ចៀសហានិភ័យ គួរចូលរួមវគ្គបណ្តុះបណ្តាលនេះ។
អគ្គនាយកក្រុមហ៊ុន Century21 Dream Propertyលោកគាម សៀកឡុងដែលបានចាប់ផ្តើមក្រុមហ៊ុន ដោយមិនសូវមានមូលដ្ឋានទុន ចំណេះដឹង ប៉ុន្តែរហូតមកទល់ពេលនេះលោកទទួលបានជោគជ័យ និងក្លាយជាក្រុមហ៊ុនភ្នាក់ងារទិញ លក់ ជួលអចលនទ្រព្យឈានមុខគេមួយ ក្នុងចំណោមក្រុមគ្រួសារ Century21 ដែលមានការិយាល័យច្រើនជាង១០ក្រុមហ៊ុននៅកម្ពុជា នឹងបង្ហាញបទពិសោធន៍ពីការចាប់ផ្តើម រហូតដល់ទទួលបានភាពជោគជ័យរបស់លោកក្នុងវគ្គបណ្តុះបណ្តាលពិសេសនេះ។
លោកបន្តថា “ភាពជោគជ័យទាំងអស់ផ្តើមចេញពីមូលដ្ឋានចំណេះដឹង មូលដ្ឋាននៃការសម្រេចចិត្តត្រឹមត្រូវ ហេតុនេះការវិនិយោគដែលអាចបញ្ចៀសបានហានិភ័យ ជាបំ ណងប្រាថ្នារបស់អ្នកវិនិយោគនានា។លោកបន្តថា “ខ្ញុំនឹងចែករំលែកបទពិសោធន៍នៃភាពជោគជ័យនិងមូលដ្ឋានគ្រឹះនានា ដើម្បីឈានទៅទទួលបានជោគជ័យក្នុងវគ្គបណ្តុះបណ្តាលពិសេសនេះ”៕