ដោយ៖ សុផារី
ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែកក្កដានេះ បានប្រកាសទុកពេលវេលារយៈពេល១០ខែ ឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនអ៊ីនធឺណេតទាំងអស់ កែលំអនិងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួនឱ្យបានឆាប់រហ័ស។
យោងតាមសេចក្តីប្រកាស ស្តីពីការដាក់ឱ្យអនុវត្ត “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” បានឱ្យដឹងថា ប្រតិបត្តិករទូរគមនាគមន៍មាន រយៈពេល១០(ដប់)ខែ ដើម្បីកែលំអ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដោយអនុលោមតាមសូចនាករគុណផលគន្លឹះ។ ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណា មិនអនុវត្តតាមស្តង់ដារអប្បបរមា ដែលបានកំណត់ក្នុងប្រកាសនេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះនឹងត្រូវទទួលរងពិន័យ។
ក្រសួងបានឱ្យដឹងថា ខ្លួនបានចាត់ទុកការពង្រឹងគុណភាពសេវាទូរគមនាគមន៍ គឺជាកិច្ចការអាទិភាពបំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការស្វែងរកមធ្យោបាយ និងដំណោះស្រាយនានា សំដៅបង្កើនគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត និងលើកកម្ពស់ការការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ដោយសារតែគុណភាពសេវាទូរគមនាគមន៍បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។
សេចក្តីព្រាង “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ក្នុងការកំណត់បទដ្ឋានបច្ចេកទេស ជាក់លាក់ ដែលត្រូវអនុវត្តជាកាតព្វកិច្ច សម្រាប់ប្រតិបត្តិករទូរគមនាគមន៍ សំដៅពង្រឹងគុណភាពសេវា និងបណ្តាញទូរគមនាគមន៍របស់ខ្លួន ក៏ដូចជាដើម្បីចូលរួមការពារ និងធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាពស្របតាមទឹកប្រាក់ ដែលបានបង់។
ក្នុងកិច្ចប្រជុំជាមួយប្រតិបត្តិករទូរគមនាគមន៍ចំនួន៤៥ក្រុមហ៊ុន ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លើកឡើងអំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណិត និងវិធានការដោះស្រាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុន ដែលបានជួបប្រទះ។
លោករដ្ឋមន្ត្រី ប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្មនិងអវិជ្ជមាន ក្នុងវិស័យទូរគមនាគមន៍ ដោយអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតបានល្អប្រសើរឡើង៕