ដោយៈ សុខុម
អាមេរិក: ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិនគ្រោងជជែកចរចាជាមួយប្រធានាធិបតីចិន លោកស៊ី ជីនភីង នៅចុងខែនេះ ស្របពេលភាពតានតឹងកំពុងឡើងកម្ដៅ រវាងប្រទេសទាំង២ជុំវិញបញ្ហាកោះតៃវ៉ាន់ និងពាណិជ្ជកម្ម។
នៅពេលវិលត្រលប់ពីដំណើរទស្សនកិច្ច ទៅកាន់រដ្ឋម៉ាសាជូសេត (Massachusetts) វិញ លោក ចូ បៃឌិន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំគិតថា ខ្ញុំនឹងជជែកចរចាជាមួយ លោកប្រធានាធិបតី ស៊ី នៅរយៈពេល១០ថ្ងៃខាងមុខ”។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា នេះ។
ការជជែកចរចាតាមទូរស័ព្ទ ដែលគេទន្ទឹងរង់ចាំយូរមកហើយរវាងមេដឹកនាំទាំង២ ដែលវាជាការជជែកជាលើកដំបូងសម្រាប់លោកទាំង២ ក្នុង រយៈពេល៤ខែមកនេះ នឹងធ្វើឡើងចំពេលដ៏សំខាន់មួយ ដោយសារភាពតានតឹងឡើងកម្ដៅជុំវិញបញ្ហាកោះតៃវ៉ាន់ និងខណៈរដ្ឋការរបស់លោកចូ បៃឌិន កំពុងថ្លឹងថ្លែងការកាត់ពន្ធនាំចូលលើទំនិញពីប្រទេសចិន ដើម្បីជួយសម្រាលសម្ពាធអតិផរណា មកលើអ្នកប្រើប្រាស់ជាពលរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក បានហៅប្រទេសចិន ថាជាគូប្រជែងជាយុទ្ធសាស្ត្រ ឬជាគូប្រជែងធំបំផុតរបស់ខ្លួន ហើយនិយាយថា ការចូលរួមជជែកចរចាកម្រិតខ្ពស់ គឺមានសារៈសំខាន់ណាស់ នៅក្នុងការរក្សាទំនាក់ទំនងដ៏លំបាកនេះឱ្យមានស្ថិរភាព និងទប់ស្កាត់វាកុំឱ្យធ្លាក់ចូលក្នុងជម្លោះជាយថាហេតុ។
កាលពីខែមុន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជំរុញអង្គការបក្សសម្ព័ន្ធយោធាNATO អនុម័តលើឯកសារជាយុទ្ធសាស្ត្រមួយ ដែលហៅប្រទេសចិនថា “ជាអ្នកគំរាមកំហែងដល់សន្តិសុខពិភពលោក”។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី២០ ខែកក្កដា លោក ចូ បៃឌិន ហាក់ដូចបង្ហាញមន្ទិល ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះវ៉ាន់ នៅខែក្រោយ។
លោកចូ បៃឌិន លើកឡើងដូច្នេះថា “ខ្ញុំយល់ថា យោធាគិតថាវាមិនមែនជាគំនិតល្អទេនៅពេលនេះ ប៉ុន្តែខ្ញុំក៏មិនដឹងពីស្ថានភាពនេះដែរ”៕ Reuters៕