លោក ប៉ែន សុវិជាតិ៖ ប្រទេសកម្ពុជាទទួលបានកេរ្តិ៍ឈ្មោះជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ និងទុកចិត្តពីអ្នកបញ្ជាទិញ

0

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ប្រទេសកម្ពុជាទទួលបានកេរ្តិ៍ឈ្មោះជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ និងមានការទុកចិត្តពីអ្នកបញ្ជាទិញ។ ជាក់ស្តែងមានការបញ្ជាទិញ ទោះក្នុងកាលៈទេសៈវិបត្តិកូវីដ ក៏ពុំមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម” នៅថ្ងៃទី២១ ខែកក្កដានេះ លោកបានមានប្រសាសន៍ថា “បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមួយ ដែលទទួលបានកេរ្តិ៍ឈ្មោះ ជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ ដែលមានការទុកចិត្តពីទីផ្សារ និងអ្នកបញ្ជាទិញ ដោយក្នុកាលៈទេសៈវិបត្តិកូវីដ ក៏ពុំមានការដាច់រយៈដែរ”។

លោកបានបន្តថា ដោយសារថ្លៃដឹកជញ្ជូនកើនឡើង ប្រទេសខ្លះមានការដាច់ខ្សែរយៈខ្លះ ក្នុងការនាំចេញ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ទោះបីជាថ្លៃដឹកជញ្ជូនកើនឡើងក្តី យើងបានសម្របសម្រួលឱ្យស្របរវាងអ្នកផលិត និងអ្នកទិញ ដើម្បីធានានិរន្តរភាពនៃ​ការនាំចេញ។

លោកលើកបញ្ជាក់ថា “ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក បានកើនដល់កម្រិតមួយខ្ពស់ ដោយឡែកទៅ​ទីផ្សារអឺរ៉ុបក៏ដូចគ្នា។ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ក៏ជាកក្តារួមចំណែកបង្កើន​ការនាំចេញសម្រាប់កម្ពុជាផងដែរ”។

លោកលើកឡើងថា “កំណើននៃការនាំចេញនេះ គឺជាសក្ខីភាពមួយ។ កំណើនមានតាំងពី ៩ភារយ រហូតដល់ជិត១០០ភាគរយក៏មាន ជាសក្ខីភាពមួយនៃការពង្រីកទីផ្សារ និងឱកាសបើកទូលាយ ទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here