រដ្ឋាភិបាលចិនបញ្ចេញទុន៥០ពាន់លានដុល្លារ លើគំរោងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ

0

ដោយៈ សុខុម

សៀងហៃ: មហាយក្សចិន បានសម្រុកអនុម័តគម្រោងសាងសង់នានា ដែលមានតម្លៃសរុបដល់ទៅ៥៦,២២ពាន់លានដុល្លារអាមេរិក បន្ទាប់ពីប្រទេសនេះ បន្ធូរបន្ថយច្បាប់បរិស្ថានរបស់ខ្លួនកាលពីខែមុន។

ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលចិននឹងនៅតែ “មិនអត់ឱនដាច់ខាត” ចំពោះក្រុមហ៊ុនដែលបំពានច្បាប់។ នេះបើយោងតាមមន្ត្រីមួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា។

ក្រសួងបរិស្ថានចិន បានប្រកាសកាលពីចុងខែមិថុនាកន្លងមកថា ខ្លួនបានកែសម្រួល ប្រព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) របស់ប្រទេសចិន ដើម្បីពន្លឿនដំណើរការអនុម័ត សម្រាប់គម្រោងធំៗក្នុងវិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនជាដើម។

ក្រសួងនេះបានសន្យា “ខិតខំប្រឹងប្រែងឱ្យអស់សមត្ថភាព” ដើម្បីជួយគាំទ្រដល់គម្រោងសាងសង់ធំៗ រួមទាំងគម្រោងជំរុញការផ្គត់ផ្គង់ធ្យូងថ្ម និងការផ្គត់ផ្គង់ទឹកផងដែរ។

លោក Liu Zhiquan ដែលជាមន្ត្រីក្រសួងបរិស្ថានបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទមួយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដាកន្លងមកថា ចំណាត់ការនេះមានគោលបំណង “ជំរុញភាពរឹងមាំនៃទីផ្សារ” ហើយគម្រោងធំៗចំនួន១៦ ត្រូវបានអនុម័តរួចហើយក្រោមប្រព័ន្ធថ្មីនេះ។

សេចក្តីប្រកាសគោលនយោបាយ កាលពីខែមុនបញ្ជាក់ថា ការសាងសង់ថ្មីៗក្នុងវិស័យសំខាន់ៗ ដូចជា វិស័យថាមពល និងដឹកជញ្ជូននឹងមិនត្រូវបានវិនិច្ឆ័យលើបរិមាណនៃការបំពុល ដែលគម្រោងទាំងនោះនឹងមិនបញ្ចេញដូចមុនឡើយ ហើយគម្រោងមួយចំនួន អាចត្រូវបានលើកលែងពីដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ទាំងស្រុង។

ចំណាត់ការនេះបាននាំឱ្យមានការព្រួយបារម្ភថា ប្រទេសចិន កំពុងដើរត្រលប់ក្រោយ ហើយងាកចេញពីការប្តេជ្ញាចិត្តរបស់ខ្លួនផ្នែកបរិស្ថាន ប៉ុន្តែលោក Liu Zhiquan និយាយថា ក្រុមហ៊ុនដែលបំពានច្បាប់បរិស្ថានតាមរយៈការដាក់ជូនព័ត៌មានបរិស្ថានក្លែងបន្លំ នឹងនៅតែត្រូវទទួលការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here