មហាយក្សចិននឹងសាងសង់ផ្លូវដែក តភ្ជាប់បណ្ដាប្រទេសនៅតំបន់អាស៊ីកណ្ដាលដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន

0

ដោយៈ សុខុម

ប៉េកាំង: បន្ទាប់ពីចរចាគ្នារយៈពេលរហូតដល់ទៅ២០ឆ្នាំ នៅទីបំផុតការសាងសង់ផ្លូវដែកចិន -កៀហ្ស៊ីស៊ីស្ថាន-អ៊ូបេគីស្ថាន (China-Kyrgyzstan-Uzbekistan (CKU)) ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន The Diplomat ចុះផ្សាយកាលពីសប្ដាហ៍មុន។

កិច្ចប្រជុំតាមអនឡាញមួយ ត្រូវបានធ្វើឡើងរវាងប្រទេសចិន ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសអ៊ូបេគីស្ថាន កាលពីពេលថ្មីៗនេះ ហើយយោងតាមការប្រកាសរបស់ប្រទេសទាំងនេះបានឱ្យដឹងថា ការសិក្សាសមិទ្ធលទ្ធភាពនឹងត្រូវបញ្ចប់នៅឆ្នាំនេះ។

ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Sadyr Japarov បានបញ្ជាក់ថា “ការសាងសង់ផ្លូវដែកនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៣”។

ចំពេលសង្រ្គាមរុស្ស៊ី- អ៊ុយក្រែន ផ្លូវដែកCKU បង្ហាញពីឱកាសជាយុទ្ធសាស្ត្រ និងឱកាសសេដ្ឋកិច្ចក្រាស់ក្រែលមួយ សម្រាប់មហាយក្សចិន ជាពិសេសក្នុងបរិបទនៃទំនាក់ទំនងពាណិជ្ជកម្ម តាមផ្លូវគោកជាមួយសហភាពអឺរ៉ុប។

និយាយពីឱកាសជាយុទ្ធសាស្ត្រ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ព្រោះទី១ ការប្រកាសនេះ ធ្វើឡើងក្នុងគ្រាដែលសហគមន៍អន្តរជាតិ បង្កើនការដាក់ទណ្ឌ​ក​ម្មកាន់តែច្រើនឡើងៗលើប្រទេសរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។

ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន បានផ្ទុះមក បណ្ដាក្រុមហ៊ុនអន្តរជាតិបានសម្រេចចិត្តឈប់ប្រើប្រាស់ទឹកដីរុស្ស៊ី ជាប្រទេសឆ្លងកាត់ ដោយក្រុមហ៊ុនខ្លះធ្វើបែបនេះ ជាការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី ហើយក្រុមហ៊ុនខ្លះទៀតធ្វើបែបនេះ ដោយសារតែបរិយាកាសពាណិជ្ជកម្ម កាន់តែយ៉ា​ប់​យ៉ឺនទៅនៅក្នុងប្រទេសរុស្ស៊ី។

ផ្លូវដែកCKU ផ្តល់ឱកាសឱ្យប្រទេសចិន អាចធ្វើពិពិធកម្មផ្លូវពាណិជ្ជកម្មរបស់ខ្លួន កាត់បន្ថយការពឹងផ្អែកលើផ្លូវដឹកជញ្ជូនរបស់រុស្ស៊ី និងរក្សាពាណិជ្ជ​កម្មផ្លូវដែក ប្រកបដោយនិរន្តរភាព ជាមួយបណ្តាប្រទេសសហភាពអឺរ៉ុប ក្នុងរយៈពេលវែង។

ទី២ ផ្លូវដែកថ្មីនេះ នឹងបង្កើតឱកាសមួយសម្រាប់រដ្ឋាភិបាល ក្រុងប៉េកាំង មិនត្រឹមតែកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើទឹកដីរុស្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយ ការពឹងផ្អែកលើប្រទេសកាហ្សាក់ស្ថាន ជាប្រទេសឆ្លងកាត់ផងដែរ។

កត្តានេះមានសារៈសំខាន់ខ្លាំងណាស់ ដោយសារភាពចលាចលកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសកាហ្សាក់ស្ថាន បានបង្ហាញថា ការពឹងផ្អែកលើប្រទេសតែមួយ នៅតំបន់អាស៊ីកណ្តាល សម្រាប់ពាណិជ្ជកម្មតាមផ្លូវដែក គឺមានហានិភ័យខ្ពស់ណាស់។

នៅក្នុងបរិបទនេះ ផ្លូវដែក CKU អាចជួយប្រទេសចិន ធ្វើពិពិធកម្មផ្លូវដែករបស់ខ្លួន និងផ្លាស់ប្តូរទំនិញពីផ្លូវមួយទៅផ្លូវមួយទៀត យ៉ាងងាយស្រួ​លអំឡុងពេលមានវិបត្តិនាពេលអនាគត។

ជាចុងក្រោយ បន្ថែមពីលើការធ្វើពិពិធកម្មផ្លូវដឹកជញ្ជូន ផ្លូវដែកថ្មីនេះអាចរួមចំណែកដល់សេដ្ឋកិច្ច របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសអ៊ូបេគីស្ថាន។ ប្រទេសទាំងនេះមិនត្រឹមតែរីករាយ នឹងការទទួលបានថ្លៃសេវាដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែផ្លូវដែកនេះ ថែមទាំងជួយបង្កើតការងារថ្មីៗទៀតផង។

ឱកាសអាជីវកម្មថ្មីៗ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសអ៊ូបេគីស្ថាន មានសារៈសំខាន់សម្រាប់ប្រទេសចិន ព្រោះវាជួយប្រទេសអាស៊ីក ណ្តាលទាំង២នេះ ជាពិសេសប្រទេសកៀហ្ស៊ីស៊ីស្ថាន រក្សាភាពធន់ទ្រាំ និងកាត់បន្ថយហានិភ័យនៃចលាចលស៊ីវិល ហើយធ្វើដូច្នេះវានឹងជួយប្រទេសចិន រក្សាស្ថិរភាពព្រំដែនខាងលិចរបស់ខ្លួន។

ផ្លូវដែក CKU ក៏នឹងបង្កើតឱកាសសេដ្ឋកិច្ច សម្រាប់ប្រទេសចិនផងដែរ​ដោយផ្អែកលើកត្តាជាយុទ្ឋសាស្រ្តមួយចំនួន ដូចជា ទី១ រដ្ឋាភិបាលក្រុងប៉េកាំង អាចបញ្ជូនផលិតផលរបស់ខ្លួន ទៅកាន់ទាំងទីផ្សារតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប តាមរយៈផ្លូវថ្មីនេះ។

យោងតាមផែនការ ផ្លូវដែក CKU នឹងក្លាយជាផ្លូវខ្លីបំផុតមួយ នៅក្នុងការបញ្ជូនទំនិញទៅកាន់តំបន់ទាំងពីរ ព្រោះវានឹងកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរដឹកទំនិញ បានដល់ទៅ៩០០គីឡូម៉ែត្រ និងកាត់បន្ថយរយៈពេលដឹកជញ្ជូនមកនៅត្រឹម៧ ទៅ៨ថ្ងៃ។

ទី២ ផ្លូវដែក CKU ក៏អាចជួយរដ្ឋាភិបាលក្រុងប៉េកាំង ឱ្យដឹងច្បាស់ពីផែនការកំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងតំបន់ភាគកណ្តាល និងភាគខាងលិចនៃប្រទេសចិនផងដែរ។

តំបន់អាស៊ីកណ្ដាល (Central Asia) មាន៥ប្រទេស រួមមាន ប្រទេសកាហ្សាក់ស្ថាន ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រទេសតាហ្ស៊ីគីស្ថាន ប្រទេសតួកមេនីស្ថាន និងប្រទេសអ៊ូបេគីស្ថាន៕  The Diplomat៕

LEAVE A REPLY

Please enter your comment!
Please enter your name here