ដោយៈ គង់ សូរិយា
ភ្នំពេញៈ កុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំទីក្រុងសេនដាយ ប្រទេសជប៉ុន លោកថៃ ស៊ុស៊ុមុ បាននិងកំពុងដើរតួនាទី ដើម្បីបើកផ្លូវឱ្យអ្នកវិនិយោគជប៉ុន ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្នុងបទសម្ភាសន៍ជាមួយសារព៌តមានក្នុងស្រុកល្បីមួយ លោក ថៃ ស៊ុស៊ុមុ បានបង្ហាញការកត់សម្គាល់របស់លោកថា ចាប់តាំងពីកម្ពុជាបើកស្ថានកុងស៊ុលនៅទីក្រុងសេនដាយ ក្នុងឆ្នាំ២០១៩ គឺមានអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍វិនិយោគនៅកម្ពុជាច្រើនណាស់។
លោកបានគូសបញ្ជាក់ថា “បើប្រៀបធៀបរយៈពេលថ្មីៗនេះ នៅពេលប្រទេសកម្ពុជា និងជប៉ុន បានបើកប្រទេសឡើងវិញរៀងខ្លួន ក៏មានអ្នកវិនិយោគជប៉ុនថ្មីៗ បានមកទំនាក់ទំនងខ្ញុំ ដើម្បីសួរយោបល់ពីឱកាសវិនិយោគនៅកម្ពុជា”។
លោកបានអះអាងថា ក្រុមហ៊ុនដែលបានទាក់ទងរូបលោក ដើម្បីវិនិយោគនៅកម្ពុជានោះ មានដូចជាក្រុមហ៊ុនផ្នែកកសិកម្ម សុខាភិបាល និងការនាំពលករទៅបម្រើការងារនៅប្រទេសជប៉ុនជាដើម។ ពេលនេះកម្ពុជាកំពុងរៀបចំបង្កើតសាខា សភាពាណិជ្ជកម្មនៅទីក្រុងសេនដាយ ដើម្បីផ្តល់ការប្រឹក្សាយោបល់ និងព័ត៌មានផ្សេងៗពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។
លោកថៃ ស៊ុស៊ុមុ រំពឹងថា តាមរយៈសាខាសភាពាំណិជ្ជកម្មនេះ នឹងរួមចំណែកទាក់ទងអ្នកវិនិយោគជប៉ុន កាន់តែច្រើនថែមទៀតមកកាន់ប្រទេសកម្ពុជា។
លោកថៃ ស៊ុស៊ុមុ បានបញ្ជាក់ថា ឥឡូវនេះមានច្រើនណាស់ គេកំពុងតែចាប់អារម្មណ៍ ចាំឱកាសដែលយើងបើកសម្ពោធជាផ្លូវការ នោះគេនឹងមកចូលរួមជាសមាជិក របស់តំណាងសាខាសភាពាណិជ្ជកម្មរបស់យើង នៅប្រទេសជប៉ុន។ យើងរំពឹងថា នឹងមានអ្នកវិនិយោគជប៉ុនកាន់តែច្រើនឡើង តាមរយៈការបើកការិយាល័យ តំណាងសាខាសភាពាណិជ្ជកម្មរបស់យើងនៅប្រទេសជប៉ុន។
ពាក់ព័ន្ធមូលហេតុ និងកត្តាដែលនាំឱ្យអ្នកវិនិយោគជប៉ុន កាន់តែច្រើនចាប់អារម្មណ៍វិនិយោគនៅកម្ពុជា បុរសជនជាតិជប៉ុនរូបនេះ បានបង្ហាញនូវកត្តាចំនួន៤។ កត្តាទាំង៤នោះរួមមាន៖ សុខសន្តិភាព និងស្ថេរភាពនយោបាយ, ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ថ្មីនៅអាស៊ាន, មានកម្លាំងពលកម្មវ័យក្មេងច្រើន និងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកថៃ ស៊ុស៊ុមុ បានបញ្ជាក់ឲ្យដឹងថា ចំណុចទី១ ដោយសារមានការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចតេជោ ដែលលោកបង្កើតស្ថេរភាព សុវត្ថិភាពដល់ប្រជាជនកម្ពុជា។ មួយវិញទៀត យើងមានស្ថេរភាពនយោបាយល្អ ចំណុចនេះហើយ ដែលទាក់ទាញឱ្យវិនិយោគិន ក្រឡេកមើលឱកាសវិនិយោគនៅកម្ពុជា ដោយសារប្រទេសយើងមានសន្តិភាព ហើយយើងអត់មានសង្គ្រាមដូចប្រទេសគេទេ។
ដូច្នេះចំណុចទី១ ដែលសំខាន់ហ្នឹង គឹយើងមានសន្តិភាពល្អ យើងរក្សាសុវត្ថិភាពឱ្យអ្នកវិនិយោគ គេសម្លឹងឃើញឱកាសនេះ។ អ៊ីចឹងចំណុចនេះ ខ្ញុំគិតថា សំខាន់ជាងគេ។
ចំណុចទី២ ប្រទេសយើង ជាប្រទេសដែលសេដ្ឋកិច្ចកំពុងលូតលាស់នៅក្នុងអាស៊ាន។ ជាប្រទេសចាប់ផ្តើមលូតលាស់ថ្មី ផ្នែកសេដ្ឋកិច្ចលេចធ្លោជាងគេក្នុងអាស៊ាន។ អាចថាកំណើនសេដ្ឋកិច្ចរបស់យើង លូតលាស់ខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងអាស៊ាន។
ចំណុចទី៣ ប្រទេសកម្ពុជាយើងពោរពេញ ដោយយុវជនវ័យក្មេង មានកម្លាំងពលំ ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ ជាពិសេសយុវជនរបស់យើង បានដើរទាន់យុគ្គសម័យបច្ចេកវិទ្យាថ្មី ដូចជាសម័យ AI ឬតិចណូឡូជីជាដើម។ ចំណេះដឹងក៏មាន កម្លាំងពលំក៏មានទៀត ដូច្នេះជាចំណុចទាក់ទាញអ្នកវិនិយោគជប៉ុនដែរ។
ចំណុចទី៤ ខ្ញុំគិតថា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរ។ ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរនេះហើយ ដែលធ្វើឱ្យប្រជាជនប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អដែរ។ ជាពិសេសយើងឃើញហើយថា ប្រជាជនជប៉ុន និងប្រជាជនកម្ពុជា មិនដែលមានទំនាស់អ្វីនឹងគ្នាទេ គឺយើងស្រឡាញ់គ្នា រាប់អានគ្នា ជាមិត្តភាពនឹងគ្នាយូរអង្វែងជាំងប្រទេសណាៗទាំងអស់។
យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២១ កន្លងទៅ កម្ពុជា និងជប៉ុន មានទំហំពាណិជ្ជកម្មសរុបជាង១,៧០០លានដុល្លារអាមេរិក។ កម្ពុជា នាំទៅជប៉ុនមានជាង១ពាន់លានដុល្លារ ហើយកម្ពុជា នាំពីជប៉ុនវិញមានជាង៦០០លានដុល្លារ។ Freshnews៕