ដោយសុខុម
ហាណូយ: ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌរបស់វៀតណាម កំពុងស្ថិតលើផ្លូវឈានទៅរកការសម្រេចបានគោលដៅនាំចេញរបស់ខ្លួនចន្លោះពី៤២ទៅ៤៣ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២ នេះ ទោះបីជាឧស្សាហកម្មនេះប្រឈមមុខនឹងការលំបាកជាច្រើនក្នុងឆមាសទី២ ចុងឆ្នាំនេះយ៉ាងណាក្ដី។
លោក Vũ Đức Giang ប្រធានសមាគមកាត់ដេរ និងវាយនភណ្ឌវៀតណាម (VITAS) បានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ស្តីពីលទ្ធផលអាជីវកម្មនៃឧស្សាហកម្មវាយនភណ្ឌក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។
យោងតាមសមាគមកាត់ដេរ និងវាយនភណ្ឌវៀតណាម (VITAS) ឱ្យដឹងថា ឆ្នាំ២០២២ គឺជាឆ្នាំដែលបណ្ដាសហគ្រាសក្នុងឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងរយៈពេល២ឆ្នាំមកនេះដោយសារវិបត្តិកូវីដ-១៩។
ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ តម្លៃនៃការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថាមានទំហំ២២,៣ពាន់លានដុល្លារអាមេរិក ដោយកើនឡើង១៧,៧% រួមទាំង១៦,៩៤ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ (កើនឡើង១៩,៥%) ១,៤ពាន់លានដុល្លារ ពីការនាំចេញក្រណាត់ (កើនឡើង២០,៨%) និង២,៧៦ពាន់លានដុល្លារ ពីការនាំចេញហ្វាយបឺ (Fiber) (កើនឡើង៤,៤%) ផងដែរ។
ទន្ទឹមនឹងនេះដែរ តម្លៃសរុបនៃការនាំចូលវត្ថុធាតុដើម និងគ្រឿងបន្ទាប់បន្សំសម្រាប់វាយនភណ្ឌ និងកាត់ដេរក្នុងរយៈពេល៦ខែដើមឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថាមានទំហំ១៣,៤ពាន់លានដុល្លារ ដោយកើនឡើង៩,៨%៕ Vietnam News៕