តើទីសក្ការៈ Itsukushima នៅប្រទេសជប៉ុន មានអ្វីពិសេសទើបក្លាយជាបេតិកភ័ណ្ឌពិភពលោក?

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្បត្តិបេតិកភ័ណ្ឌពិភពលោកនិមួយៗ សុទ្ឋតែមានលក្ខណៈពិសេស និងប្លែកៗពីគ្នាអាស្រ័យលើវប្បធ៌ម និងអរិយធ៌មនៃជនជាតិនៃមួយៗ។

ទីសក្ការៈបូជា Itsukushima គឺជាទីសក្ការៈបូជារបស់សាសនាស៊ីនតូនៅលើកោះអ៉ិតស៊ុគុស៊ីម៉ា ស្ថិតក្នុងទីក្រុងហាត់ស៊ុកៃជិ (Hatsukaichi) ក្នុងខេត្តហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) ក្នុងឆ្នាំ១៩៩៦។

កោះអ៉ិតស៊ុគុស៊ីម៉ា ត្រូវបានជនជាតិជប៉ុន និយមហៅថាកោះមីយ៉ាជីម៉ា (Miyajima) ដែលមានន័យថា “កោះទីសក្ការៈ”។ ទីសក្ការៈបូជាអ៉ីតស៊ុគុស៊ីម៉ា មានភាពល្បីល្បាញបំផុត ដោយសារច្រកទ្វារតូរី (torii gate) ដ៏ធំកម្ពស់ប្រហែល១៦ ម៉ែត្រអណ្តែតទឹករបស់វា។

ដោយសារតែទីសក្ការៈបូជាអ៉ីតស៊ុគុស៊ីម៉ា គឺត្រូវបានគេសាងសង់ឡើងនៅក្នុងទឹក ដូច្នេះភ្ញៀវទេសចរណ៍ អាចមើលឃើញទីសក្ការៈ ដូចជាអណ្តែតនៅលើទឹក នៅពេលដែលមានទឹកជំនោរខ្ពស់ ហើយចំណែកនៅពេលមានជំនោរទាបវិញ ភ្ញៀវទេសចរណ៍ អាចដើរចេញទៅជិតច្រកទ្វានោះ ដើម្បីថតរូបបាន។

យោងតាមឯកសារប្រវត្តិសាស្ត្របានបញ្ជាក់ថា អគារទីសក្ការៈបូជាដំបូងនៅទីនេះ ប្រហែលជាត្រូវបានសាងសង់នៅសតវត្សរ៍ទី៦។ ដោយឡែកទីសក្ការៈបូជាបច្ចុប្បន្ន មានតាំងពីសតវត្សរ៍ទី១២ ហើយបរិវេណនៅក្នុងទីសក្ការៈនេះ មានអគារជាច្រើនរួមទាំងសាលបួងសួង សាលធំ និងឆាកសម្រាប់សម្តែងល្ខោន ដែលត្រូវបានតភ្ជាប់គ្នា ដោយផ្លូវដើរមានសសរលើកខ្ពស់ផុតពីទឹកសមុទ្រផងដែរ។

អគារទាំងអស់ ត្រូវបានរៀបចំយ៉ាងស៊ីមេទ្រីគ្នា ដែលបង្ហាញពីការរៀបចំប្លង់ស្ថាបត្យកម្មដ៏ប៉ិនប្រសព្វ៕

LEAVE A REPLY

Please enter your comment!
Please enter your name here