ដោយវុត្ថា
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានស្នើដល់មន្ត្រីជាន់ខ្ពស់នៃប្រទេសអារ៉ាប់រួមជួយកៀងគរវិស័យឯកជន នៃសហភាពអារ៉ាប់រួម មកបំពេញទស្សនកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យសំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ អគ្គិសនី និងទេសចរណ៍ ខណៈវិស័យទាំងនេះ កំពុងតែមានសក្តានុពលសេដ្ឋកិច្ចខ្លាំងនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបរវាងលោក Mohammad Ali Al Kamali នាយកប្រតិបត្តិរងនៃការិយាល័យនាំចេញឌុយបៃប្រទេសសហភាពអារ៉ាប់រួម នៅកាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោកស្រីតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបភាគីអារ៉ាប់អំពីគម្រោងទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ដឹកនាំដោយលោក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សម្រាប់កិច្ចប្រជុំ“The 3rd IPM” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងឌុយបៃនាពេលខាងមុខ ព្រមទាំងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសឱកាសវិនិយោគ និងសក្តានុពលពាណិជ្ជកម្ម។







