ដោយស៊ីវ ម៉េង
ភ្នំពេញ : ការទារកម្រៃជើងសារនៅក្នុងការទិញលក់ វិស័យអចលនទ្រព្យវាជារឿងធម្មតា និងកើតឡើងពីការព្រមព្រៀងពីអ្នកទិញឬអ្នកលក់ ដែលត្រូវផ្តល់ឲ្យអ្នកដើរតួនាទីជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ។
ប៉ុន្តែការផ្តល់សេវាកម្ម មិនសុទ្ឋតែទទួលបានកម្រៃជើងសារសមស្របឡើយ ប្រសិនជាយើងគ្មានគោលការណ៍ ឬអនុវត្តន៍តាមបទដ្ឋានគតិយុត្តិជាលិខិតស្នាម ឬមេធាវីជាដើម។
-->
តើការទាមទារប្រាក់កម្រៃជើងសារ៣ភាគរយ ឬតិចជាងនេះ គួរធ្វើដូចម្តេច ដើម្បីទទួលបានប្រាក់ទាំងនោះមក ដោយសប្បាយចិត្តទាំងអ្នកលក់ អ្នកទិញ និងភ្នាក់ងារមកពីក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់?។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីម ដែលមានបទពិសោធន៍លើការងារទាំងអស់នេះបានមានប្រសាសន៍ថា ក្រុមហ៊ុនអចលនទ្រព្យជាកន្លែងរកដំណោះស្រាយ ដូច្នេះភ្នាក់ងារអចលនទ្រព្យទាំងអស់ ដែលគាត់ចាប់ផ្តើមធ្វើការជាមួយនឹងអ្នកលក់ និងអ្នកទិញ គាត់ត្រូវតែមានគោលការណ៍ និងឯកសារផ្លូវច្បាប់ទាក់ទងនឹងកិច្ចសន្យាកម្រៃជើងសារ និងឯកសារពាក់ព័ន្ឋ។ លោកបន្តថា អ្នកលក់និងអ្នកទិញ រួមទាំងភ្នាក់ងារអចលនវត្ថុ ត្រូវតែអង្គុយដោះស្រាយគ្នា បើគ្រាន់តែជារឿងកម្រៃជើងសារ ហើយបើភ្នាក់ងារអចលនទ្រព្យមកពីក្រុមហ៊ុនស្របច្បាប់ គួរតែទទួលបានកម្រៃជើងសារពីអ្នកលក់ឬអ្នកទិញអាស្រ័យលើការជជែកគ្នា។
លោកបន្តថា “ការយកកម្រៃជើងសារវាអាស្រ័យលើការចចាថា គួរយកពីអ្នកលក់ឬអ្នកទិញ ឬយកទាំងសងខាង អាស្រ័យលើការនិយាយគ្នា ប៉ុន្តែគ្មានច្បាប់ណាកំណត់ថា
ត្រូវតែយកពីអ្នកលក់ឬយកពីអ្នកទិញនោះទេ”។
លោកបន្តថា“តាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុញ្ញាត្តឲ្យភ្នាក់ងារអចលនទ្រព្យ យកកម្រៃជើងសារ តាមរយៈការបំពេញនូវឯកសារ និងមូលដ្ឋានគតិយុត្តិមួយចំនួន”។
តើភ្នាក់ងារអចលនទ្រព្យគួរធ្វើអ្វីបន្ថែមទៀត ដើម្បីការងារបស់ខ្លួនមានភាពរលូន? លោកច្រឹក សុខនីម បានមានប្រសាសន៍ថា អ្វីដែលក្រុមហ៊ុនត្រូវធ្វើគួរបណ្តុះបណ្តាលភ្នាក់ងាររបស់ក្រុមហ៊ុន ទាក់ទងនឹងមូលដ្ឋានផ្លូវច្បាប់មួយចំនួន ដូចជា ទី១ ត្រូវធ្វើកិច្ចសន្យាកម្រៃជើងសារជាមុន នៅពេលយើងមានអតិថិជនមានសក្តានុពល មុនពេលណែនាំទៅស្គាល់ទីតាំងអចលនទ្រព្យណាមួយ ភ្នាក់ងារអចលនទ្រព្យ ត្រូវចុះហត្ថលេខាជាមួយម្ចាស់អចលនទ្រព្យ ដើម្បីយកកម្រៃជើងសារ នៅពេលអចលនទ្រព្យនោះត្រូវបានលក់ ទៅឲ្យអ្នកទិញដែលយើងនាំមក។
ទី២ ផ្ទុយទៅវិញបើសិនជាភាគីច្បាស់អចលនទ្រព្យ មិនចុះហត្ថលេខាជាមួយយើង គឺយើងកុំនាំអ្នកទិញឬអ្នកជួលមក នោះបញ្ហានឹងបញ្ចប់។ ទី៣ ត្រូវរៀបចំកិច្ចសន្យាឲ្យបានច្បាស់លាស់ ដោយមានមេធាវីប្រថាប់ត្រា ឬអ្នកចេះសរសេរកិច្ចសន្យា ទី៤ បើពេលចុះកិច្ចសន្យាកម្រៃជើងសារហើយ មិនមានការផ្តល់កម្រៃជើងសារជូន យើងត្រូវរកអ្នកណាជាអ្នកជជែកជាមួយយើងទាក់ទងកម្រៃជើងសារ តើជាអ្នកទិញ ឬអ្នកលក់?ទី៥ យើងគួរមានការផ្ញើរសារតាមទូរស័ព្ទ ទាក់ទងនឹងដំនើរការនៃការអនុវត្តន៍ការងាររបស់យើងជាមួយម្ចាស់អចលនទ្រព្យណាមួយនោះ ព្រោះម្ចាស់អចលនទ្រព្យនៅពេលពួកគាត់ដាក់លក់អចលនទ្រព្យរបស់ខ្លួនមានក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យមិនតិចនោះទេ ដែលបានទូរស័ព្ទទៅគាត់។
ទាក់ទងនឹងការអន្តរាគមន៍លើករណី ប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនភ្នាក់ងារអចលនទ្រព្យពីម្ចាស់អចលនទ្រព្យម្នាក់នៅតំបន់ទួលទំពូងក្រុងភ្នំពេញ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុលោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ថា អ្វីសំខាន់រហូតមកទល់ពេលនេះ ករណីមានការចាប់ខ្លួនភ្នាក់ងារអចលនទ្រព្យ តើពួកគេស្ថិតនៅក្នុងក្រុមហ៊ុនមានអាជ្ញាប័ណ្ណស្របច្បាប់ឬទេ? បើក្រុមហ៊ុនរបស់ពួកគេមិនបានអាជ្ញាប័ណ្ណ ហើយប្រកបរបរវិជ្ជាជីវៈលើការងារនេះ ជារឿងខុសឆ្គងមួយរួចទៅហើយ។ ចំណុចមួយទៀត តើពួកគេមានបានធ្វើលិខិតស្នាម ទាក់ទងការទទួលបានកម្រៃជើងសារឬទេ? បើពួកគេមិនមានទេ ការចូលទៅផ្ទះគេទារកម្រៃជើងសារជារឿងខុសឆ្គងមួយ។
លោកបន្តថា “ហេតុនេះករណីនេះគួរសិក្សាឲ្យបានច្បាស់លាស់ ហើយសមាគមសម្រេចជួយសម្របសម្រួលឬយ៉ាងណា វាអាស្រ័យលើក្រុមហ៊ុននោះជាសមាជិកសមាគមឬទេ? ប៉ុន្តែការពិតទៅពួកគេមិនមែនជាសមាជិកសមាគមទេ”៕