សម្ដេចតេជោអនុវត្តន៍នូវយុទ្ធសាស្ត្រពីរក្នុងការទាក់ទាញវិនិយោគិនបរទេសមកកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុវត្តន៍នូវយុទ្ធសាស្ត្រចំនួនពីរ ក្នុងការទាក់ទាញនូវវិនិយោគិនបរទេស មកកាន់ប្រទេសកម្ពុជា។

យុទ្ធសាស្ត្រទី១ គឺ “ត្រីណាមកដល់មុន គឺចាប់យកត្រីនោះ” និងទី២ “ត្រូវធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងអស់ដែលមកកម្ពុជា មានជំនឿចិត្តចំពោះកម្ពុជា”។

នេះបើយោងតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអនុញ្ញាតឱ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។

លោក កៃនូម៉ា បានរាយការណ៍ថា ក្រុមហ៊ុនមីនីបៀ បានដាក់ទុនវិនិយោគសរុបប្រមាណ១,១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន៩៥កន្លែង។ ក្រុមហ៊ុនយកចិត្តទុកដាក់ខ្លាំង ទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅលើវិស័យបរិស្ថាន។

លោក កៃនូម៉ា បានបន្ថែមថា រោងចក្ររបស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី១០០% នៅកម្ពុជា ហើយនាំចេញទៅលើទីផ្សារទូទាំងពិភពលោក។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានតំឡើងអំពូលLED បានចំនួន18.880អំពូល ដោយបានកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការសាយភាយឧស្ម័នកាបូនិច និងការចំណាយលើអគ្គិសនី ប្រមាណ១លានដុល្លារក្នុង១ឆ្នាំផងដែរ។

លោកក៏បានគោរពអញ្ជើញសម្ដេចតេជោ ជាអធិបតីក្នុងពិធីខួបទី១០ឆ្នាំនៃវត្តមានរបស់ក្រុមហ៊ុន មីនីបៀនៅកម្ពុជាផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ បានសម្ដែងនូវការរីករាយ និងសាទរជូនចំពោះក្រុមហ៊ុន ដែលរយៈពេល១០ឆ្នាំកន្លងមក បានទទួលជោគជ័យក្នុងការពង្រីកសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់។

សម្ដេចតេជោ ក៏បានរំឭកអំពីប្រវត្តិក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេល ដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។

សម្តេចបានមានប្រសាសន៍ថា ពេលនោះសម្ដេចបានអនុវត្តនូវយុទ្ធសាស្ត្រចំនួន២គឺ “ត្រីណាមកដល់មុនគឺចាប់យកត្រីនោះ” និង“ត្រូវធ្វើយ៉ា​ងណាឱ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជាមានជំនឿចិត្តចំពោះកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here