សហរដ្ឋអាមេរិកក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នធំបំផុតរបស់ពិភពលោកក្នុងឆមាសទី១ ដើមឆ្នាំ២០២២

0

ដោយៈ សុខុម

ហ៊ូស្តុន: ស្ងាត់ៗ សហរដ្ឋអាមេរិក បានក្លាយជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវ LNG (ហ្គាស) ធំបំផុតរបស់ពិភពលោកក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ខណៈប្រទេសរុស្ស៊ី កំពុងទទួលរងទណ្ឌកម្មជុំទិស ហើយសហភាពអឺរ៉ុប កំពុងតែត្រូវការឧស្ម័នហ្គាសយ៉ាងច្រើនជាចាំបាច់។

នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពល (EIA) របស់សហរដ្ឋអាមេរិក ដែលបានដកស្រង់ទិន្នន័យ ពីសមាគមន៍អន្តរជាតិ ទទួលបន្ទុកផ្ដល់ព័ត៌មានអំពីឧស្ម័នធម្មជាតិ CEDIGAZ ខណៈសហរដ្ឋអាមេរិក សម្រុកបង្កើ​នការផ្គត់ផ្គង់ដល់អឺរ៉ុប ស្របពេលមានវិបត្តិអ៊ុយក្រែន។

EIA និយាយថា ការនាំចេញឧស្ម័ន LNG របស់សហរដ្ឋអាមេរិក បានកើនឡើង១២% ដល់កម្រិតជាមធ្យម៣១៧លានម៉ែត្រគូ បក្នុងមួយថ្ងៃក្នុងឆមាសទី១ ដើមឆ្នាំនេះ បើធៀបនឹងឆមាសទី២ ចុងឆ្នាំ២០២១។ ការបង្កើនសមត្ថភាពនាំចេញឧស្ម័ន LNG តម្លៃ និងតម្រូវការហក់ឡើងកាន់តែខ្ពស់ជាពិសេសពីអឺរ៉ុប បានជួយជំរុញការនាំចេញនេះ។

ការនាំចេញឧស្ម័ន LNG បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈប្រទេសនានាជុំវិញពិភពលោក ស្វះស្វែងធ្វើពិពិធកម្មថាមពល ដើម្បីងាកចេញពីរោងចក្រថាមពល ដើរដោយធ្យូថ្មដែលបំពុលដល់បរិស្ថានខ្លាំង។

EIA បញ្ជាក់ថា ប្រមាណ៧១%នៃការនាំចេញឧស្ម័ន LNG របស់សហរដ្ឋអាមេរិក គឺនាំចេញទៅកាន់សហភាពអឺរ៉ុប និងអង់គ្លេស អំឡុងរយៈពេល៥ខែដើមឆ្នាំនេះ។

អឺរ៉ុប កំពុងប្រឹងប្រែងយ៉ាងខ្លាំង ធ្វើយ៉ាងណាស្តុកទុកឧស្ម័នឱ្យបានគ្រប់គ្រាន់នៅមុនរដូវរងាចូលមកដល់ ដោយសារតែរុស្ស៊ីបានកាត់បន្ថយយ៉ាងខ្លាំង នូវការនាំចេញឧស្ម័នតាមបំពង់បង្ហូរឧស្ម័ន ទៅកាន់ទ្វីបនេះ បន្ទា​ប់ពីសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលក្រុងមូស្គូ ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here